អាសូរចម្លាក់

20141118_08a

រូបថតពីភ្នំពេញប៉ុស្ត៏

ខ្លាចហើយមាសប្រាក់                     ល្អលើទុក្ខខ្ញុំ

ចូលមកបន្លំ                                   បំផ្លាញឲ្យក្ស័យ

ខ្លាចហើយក្រដាស                           ជ្រកក្រោមអ្នកលោភ

ខ្ញុំជួបអភ័ព្វ                                     ក្រោមដៃជាតិឯង។

ខ្លាចហើយដុល្លា                             នាំទុក្ខឥតល្លែ

បង្វក់ជនខ្មែរ                               គ្មានត្រាប្រណី

បំផ្លាញរូបខ្ញុំ                                   ធ្លាប់ឆ្លាក់ក្រោមដៃ

ខេមរៈមានជ័យ                          កសាងអង្គរ

 

សេងហុង

Posted in Uncategorized | Leave a comment

ពុទ្ធិក្នុងចិត្ត

ទោះខ្លួនមិនពាក់ស្បងជីពរ                             តែចិត្តបវរនៅដិតនៅ
មិនបោះឡើយពុទ្វតម្រូវ                                    ព្រះធម៌ស្ថិតនៅមិនរសាយ
ទោះមានមាមកម្ចាញ់ម្ចា                                   ចិត្តមិនរអាតែងស្ថិតនៅ
រក្សាកេរ្ត៏ឈ្មោះឲ្យត្រឹមត្រូវ                                  មិនឲ្យមាសត្រូវបង្ក្រាបបាន។

Posted in Uncategorized | Leave a comment

ព្រះសង្ឃ និងនារីលង់ទឹក

cq5dam.thumbnail.460.306

រូបថតពីហ្គោលហ្គល

កាលពីដើមឡើយ មានព្រះសង្ឃពីរអង្គនិមន្តក្នុងព្រៃ បានពើបប្រទះនឹងស្រ្តីម្នាក់ កំពុងលង់ទឹក។ ព្រះអង្គទាំងពីរបានគិតគ្នាថា តើគួរតែជួយស្រ្តីម្នាក់នឹងទេ បើករណីជួយ អាចនឹងដាច់សីល។ ភ្លាមនោះព្រះសង្ឃមួយអង្គ បានចុះទៅស្រង់ស្រ្តីម្នាក់នោះ ចេញពីទឹកភ្លាម ដោយមិនខ្លាចឡើយ ធ្វើឲ្យព្រះសង្ឃមួយអង្គទៀត មានភាពមិនខ្លាចនឹងការខុសវិន័យយ៉ាងខ្លាំង រួមទៅស្រែកទៅព្រះសង្ឃមួយអង្គទៀតថា លោកបំពានបំរាមហើយ ព្រះសង្ឃមួយអង្គទៀត នៅតែធ្វើមិនដឹង ហើយឆាប់ជួយសង្គ្រោះនារីម្នាក់នោះជាបន្ទាន់ ដោយអ្នកនាង ត្រង់ក្បាល នឹងខ្លួន ចាប់ផ្តើមបើកមាត់នារីម្នាក់នោះ ដើម្បីឲ្យខ្យល់ចេញពីសួត។

ព្រះសង្ឃមួយអង្គទៀត មើលដោយតក់ស្លុត  ទាំងឃើញព្រះសង្ឃមួយអង្គទៀត ធ្វើបែបនេះដោយមិនតក់ស្លុត។​ បន្តិចក្រោយមក នារីម្នាក់នោះ ក៏ដឹងខ្លួន រួមក្រាបបង្ខំអ់គុណព្រះអង្គដោយរីករាយ។

ក្រោយពីសង្គ្រោះនារីម្នាក់នោះរួម ព្រះសង្ឃទាំងពីរនិមន្តតម្រង់ទៅវត្តវិញ។ ព្រះសង្ឃមួយអង្គ ចាប់ផ្តើមសួរព្រះសង្ឃមួយអង្គទៀត ដោយសម្លេងស្រាលៗ នឹងសម្រឹបជើងចាប់ផ្តើមថយចុះថា

បើលោកប៉ះស្រ្តីបែបនេះ លោកត្រូវសឹកហើយ ព្រោះប្រព្រឹត្តិខុសវិន័យហើយ

ព្រះសង្ឃមួយអង្គទៀត បន្ត

នេះមិនមែនជាការខុសវិន័យឡើយ ប៉ុន្តែគឺជាការជួយមនុស្សម្នាក់ដែលជិតស្លាប់ បើអាត្មាមិនធ្វើបែបនេះទេ នាងមុខជាស្លាប់ជាមិនខាន។ តើធម៏ព្រះពុទ្ធ ឲ្យបើភ្នែកមើលសត្វលោកលង់ទឹកហើយមិនជួយមែនទេ។ ម្យ៉ាងវិញទៀត នាពេលអាត្មាប៉ះស្រ្តីម្នាក់នោះ អាត្មាគ្មានចេតនាអាក្រក់ ហើយចាប់ទុកនាងជាសាច់ញាត្តិ ជាបងប្អូនដែលរស់នៅក្នុងផែនដីនេះជាមួយគ្នា។ អាត្មាបានជំនះរាល់កាមគុណចោលអស់ហើយ ដូច្នេះអាត្មាមិនដាច់សីលឡើយ។

ពុទ្ធិដីកានេះ បានធ្វើឲ្យព្រះសង្ឃឃមួយអង្គទៀតយល់ ហើយនិមន្តទៅវត្តវិញ ដោយអស់មន្ទិលសង្ស័យ។

 

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស ភាគបញ្ចប់

index

 

ព្រះអាទិត្រចាប់ផ្តើមរះសន្សឹមៗ ប៉ះចុងបែកឈើដែលប៉ះរវិចៗ បង្កើតជាស្រមោលពណ៌ខ្មៅ ចាំងជារូបភាពផ្សេងៗ រេរាទៅមក បង្កើតជារឿងភាពយន្តធ្វើចលនាឥតឈប់លើដី។ ភាពយន្តនេះ មិនបានបង្កើតការចាប់អារម្មណ៏ដល់ កម្មករ ឬកម្មការនីទាំងឡាយ ដែលអង្គុយប្រមូលផ្តុំគ្នា ប៉ះដោយភ្លើងដុតអមសងខាង លាយនឹងដៃ កាន់ដំបង ព្រមទាំងដុំថ្មក្នុងដៃ ដើម្បីការពារការបង្ក្រាបដោយ កាំភ្លើងរបស់អាជ្ញាធរ តំណាងឲ្យរដ្ឋដដែល។

ភាពភ័យខ្លាចនេះ ពិតជាឈានជើងចូលមកមែន។ កងអាជ្ញាធរមានគ្នាប្រហាក់ប្រហែលនឹងក្រុមកម្មករ និងកម្មការនី បានចាប់ផ្តើមវាយប្រហារក្តៅ ប្រើកាំភ្លើងពិតលាយលើសម្លេង របស់មេបញ្ជាការម្នាក់ស្រែកឡើង៖

ពួកឯងបាញ់ពួកវាទៅ។ បាញ់អាមេក្លោងធំៗវាទៅ កុំឲ្យវាប្រហឺនបាន!

ដុំថ្មមិនអាចឈ្នះកាំភ្លើងបាន សុដានិងសមាជិកសហជីពទាំងឡាយរួមនឹងអ្នកផ្សេងៗទៀត នាំគ្នារត់រកទីសុវត្ថិភាព រៀងៗខ្លួន ក្រោមក្រសែភ្នែកសំឡឹង និងមើលអាសារគ្នាទៅវិញទៅមក។ សុដារត់បណ្តើរ រអ៊ូក្នុងចិត្តបណ្តើរ៖

ព្រហ្មលិខិត មិនប្រពៃ។ ខ្ញុំត្រូវបានអាជ្ញាធររដ្ឋបាញ់ទាំងខ្ញុំព្យាយាមប្រើប្រាស់សិទ្ធិរបស់ខ្ញុំ ក្នុងនាមប្រជាពលរដ្ឋម្នាក់ សោះ ហេតុអ្វីមិនបាន! ហេតុអ្វីត្រូវប្រល័យពួកខ្ញុំ ដោយពិធីនេះ តើខ្ញុំមិនមែនមនុស្សរស់ក្នុងសង្គមទេឬ? ខ្ញុំជាសត្វឬ?

កាន់តែគិត សុដាកាន់តែស្លត់ រកពាក្យអ្វីនិយាយមិនចេញ ទឹកភ្នែករបស់នាងចាប់ផ្តើមស្រក់មិនដឹងខ្លួន។ នាងនឹកដល់ម្តាយ និងប្អូនៗទាំង៦នាក់របស់នាង ដែលមិនដឹងថា តើពេលណាបានជួបពួកគេម្តងទៀតឡើយ។

គ្រាប់កាំភ្លើងបាចដូចទឹក បានបង្កឲ្យសកម្មជនម្នាក់រងរបួសចំជើង និងក្បាល។ សុដានិងមិត្តកម្មករ កម្មការនីដទៃទៀត​ មានភាពភិតភ័យយ៉ាងខ្លាំង។ សុដាទទួលអារម្មណ៏ហាក់ដូចកំពុងរងរបួសនាពេល នាងបានឃើញមិត្តរបស់នាងទទួលរងរបួស។ នាងចាប់ផ្តើមស្រក់ទឹកភ្នែក និងនិយាយសួរសុខទុកមិត្តថា៖

កុសល្យ បងយ៉ាងម្តេចហើយ! កុសល្យ បងទ្រាំណា! ម្តាយ ឪពុកនឹងបងប្អូនរបស់បង កំពុងរងចាំបងនៅផ្ទះ! បងមិនអាចមានបញ្ហាអ្វីទេ! បងជាគោលជំហរគ្រួសាររបស់គាត់ណា!

មិត្តនាងម្នាក់ទៀតស្រែក

ដា!នោះពេទ្យ!នាំគាត់ទៅពេទ្យ សន្តិភាពនៅទីនោះទៅ!

ហ៊ី!តោះទៅ! បុប្ជាមានដឹងថា មាននរណាត្រូវរបួសទៀតទេ?

មានច្រើនណាស់បង! សូម្បីអ្នកឈរមើលក៏ត្រូវរបស់ដែរ!

ព្រះអើយ! តើពួកយើងសម្លាប់នរណាគេឬ​បានជាពួកគេបាញ់កាំភ្លើង ដូចជាចង់ប្រល័យយើងបែបនេះ ធ្វើ មើលតែយើងជាសត្វធាតុ មិនស្មើរពួកគេដូច្នេះទៅវិញ។

មិនបង្អង់ មិត្តរួមក្រុមហ៊ុនដទៃទៀតនឹងនាង ខិតខំយ៉ាងសស្រាក់សស្រាំជួនអ្នកកម្លោះចូលពេទ្យក្បែរនោះ។ ហេតុការប្រមូលផ្តុំគ្នានេះ បានរុញច្រានការចាប់អារម្មណ៏ពីអ្នកកាសែតនិងគិញជាច្រើន។ អនន្តដែលទើបមកដល់ ក៏ក្រលេកឃើញសុដាភ្លាម។ ប្រុសប្រាណក៏ស្ទុះទៅមិនបង្អស់!

ដា! មិត្តអូនកើតអីណ្នឹង!

ម្តេចក៏បងមកទីនេះ? បងមកយកការឲ្យអាពួកថោកទាបបាញ់ពួកខ្ញុំទន់ខ្សោយទៀតហើយ តើមែនទេ?

កុំរវល់តែឈ្លោះគ្នាជាមួយបងអី! រឿងសំខាន់ នាំមិត្តអូនចូលពេទ្យសិនទៅ!

សុដាឈប់មាត់ ព្រមទាំងទទួលយកការជួយពីអនន្ត។ ជាអកុសល្យ នាពេលនាង បាននាំមិត្តនាងទៅដល់ ពេទ្យ ទាំងនោះ មិនទទួលយកមិត្តនាងឡើយ ធ្វើឲ្យមិត្តនាងដទៃទៀតខឹងយ៉ាងខ្លាំង។ ជនពាក់ស៊ីវិលម្នាក់ឈរក្បែរនោះ ចាប់ផ្តើមស្រែកឡើង

មន្ទីពេទ្យយួនទេ! ពួកអាយួននេះ វាសម្លាប់ខ្មែរ! វាមិនព្យាបាលខ្មែរទេ!

លឺដូច្នេះ! មិត្តមួយក្រុមទៀត ចាប់ផ្តើមវាយកម្ទេចពេទ្យនោះចោល ព្រមទាំងចាប់ផ្តើមទាញឥវ៉ាន់ទាំងនោះចេញ ដោយវាចារថា៖

បើពួកវាមិនបានការអញ្ចឹង! ពួកវាមិនគោរពតួនាទី! វាសម្លាប់ខ្មែរ ឃើញកម្មករជាខ្មែរត្រូវគ្រាប់ហើយមិនជួយបែបនេះ ទុកវាធ្វើអី វាយកម្ចេចទៅ! វាយកម្ទេចមន្ទីរពេទ្យបែបនេះ ឲ្យខ្ចេចទៅ!

នាពេលកំពុងវៃ អ្នកឈរមើលក្បែរនោះ បានហៅតុកតុកឲ្យដឹកអ្នកជំងឺសំដៅទៅមន្ទីពេទ្យរុស្សីវិញ។ អ្នករបួសកាន់តែច្រើនហើយ! សុដាចាប់ផ្តើមរន្ធត់កាន់តែខ្លាំងហើយ។ នាងចាប់ផ្តើមចុះចាញ់ឆន្ទៈនាងហើយ! នាងចាប់ផ្តើម ខ្លាចបន្តិចម្តងៗហើយ។ នាងហួសចិត្តនិយាយមិនចេញ ចំពោះស្ថានភាពនេះ។ អនន្តចាប់ផ្តើមតឿន

សុដា! ឆាប់រត់ទៅអូន!

រត់! រត់! បងឲ្យខ្ញុំរត់ រត់ដល់ពេលណាទៀតទៅ! ហេតុអ្វីបានជាបងឲ្យខ្ញុំរត់មិនចេះចប់ ហើយឲ្យគ្នាបងធ្វើមបាបមកលើពួកខ្ញុំបែបនេះ! ពួកខ្ញុំជាឃាតករ ឬជាសត្វធាតុមែន បានជាបាញ់បោះលើពួកខ្ញុំ ទាំងពួកខ្ញុំគ្មានអ្វីជួបខ្លួន បែបនេះ។

ទឹកភ្នែកសុដាចាប់ផ្តើមរមៀលចុះ មិនឈប់!

អនន្តព្យាយាមឈរក្បែរគូស្នេហ៏ដើម្បីពន្យល់ ប៉ុន្តែសុដារុញអនន្តចេញ

បានហើយ! បានហើយ! ហេតុអ្វីបងមកទីនេះ? មកក្នុងនាមអ្វី? បងជាគិញទៀតហើយ មែនទេ?

មែន! តែបងមិនបានរាយការណ៏អ្វីទេ? ឬប្រព្រឹត្តិអ្វីក្នុងរឿងហិង្សាលើកនេះទេ!

តែគ្នាបងអ្នកធ្វើ! តែបងអនុញ្ញាតឲ្យគ្នាបងអ្នកធ្វើ! ត្រូវទេ!

គ្រាប់កាំភ្លើងមួយគ្រាប់បានទម្លុះចំដើមទ្រុងសុដា នាពេលនាងបែរចេញពីអនន្ត ធ្វើឲ្យនាងដេកនឹងដី។ អនន្តចាប់ផ្តើមភិតភ័យ ពេលឃើញហេតុការណ៏នេះ។ ដៃអ្នកកម្លោះ ប្រលាក់ដោយឈាមស្រីដែលខ្លួនស្រឡាញ់ហើយ។

ដា!អូនយ៉ាងម្តេចហើយដា! អូននិយាយមក! អូនឆ្លើយរកបងមក!

សុដាទាញដៃអនន្តចេញ ទាំងបើកភ្នែកមើលទៅគិញ ដោយក្រសែភ្នែកសត្រូវ រួមទាំងវាចារថា

ដកដៃអ្នកឯងចេញទៅ!

អនន្តស្លត់កាន់តែខ្លាំង ហាមិនចេញ ពេលលឺពាក្យនេះ។

បំណុលព្យាបាលម្តាយខ្ញុំ ដែលអ្នកឯងបានជួយលើកមុននោះ សងដោយជីវិតខ្ញុំលើកនេះរួចហើយ! ក្រុមរបស់អ្នកឯង យកពីខ្ញុំរាល់ថ្ងៃ នៅមិនអស់ចិត្ត។ ពេលនេះ ក្រុមរបស់អ្នកឯងយកជីវិតពួកខ្ញុំដូចសត្វធាតុ។ពិតជាអស្ចារ្យណាស់។

ខ្យល់បក់រវិច ប៉ះចំស្នាមឈាមហូរហៀរមិនឈប់។ ស្រីកម្សត់សំលឹងមើលមេឃ ក្តៅហែងចែងចាំងលើដីបែកស្រកា ឲ្យនឹកឃើញអតីតកាលនៅពីតូច រត់លេងជាមួយមិត្តភក្តិ និងដេកមើលមេឃ ហិចហើរដោយពពកទៅមកប្រែពណ៌មិនដាច់។ សុដានឹកក្នុងចិត្តថា៖

ជីវិតកាន់តែធំ កាន់តែលំបាក!ទោះខ្ញុំតែងព្យាយាមធ្វើជាមនុស្សរឹងមាំដូចផ្កាដំបងយក្សម្តេចក្តី ប៉ុន្តែខ្ញុំនៅតែ មិនអាចធ្វើបាន។ ខ្ញុំបានត្រឹមតែកុហកខ្លួនឯង ដើម្បីខ្លួនឯងក្លាយជាមនុស្សរឹងប៉ឹងម្នាក់ រស់ក្នុងស្បៃនៃសង្គមពោរពេញដោយភាពលោភលន់ និងការជិះជាន់ គិតតែលុយៗៗ មានរឿងអយុត្តិធម៌កើតមានគ្រប់ទីកន្លែងបែបនេះទេ។ ហេតុអ្វីបានជាគេចូលចិត្តស៊ីសាច់ ហត់ឈាមជាតិឯងខ្លាំងម្លេះ? ដើម្បីជីវិតខ្លួនឯង គេហ៊ានបំផ្លាញជីវិតអ្នកដទៃមិនខ្លាច ទោះអ្នកនោះជាជនរួមជាតិគេក៏ដោយ។

នាងសម្លឹងមើលទៅមេឃ ខុសប្លែកពីអារម្មណ៏ធ្លាប់មានពីមុន។ នាងគិតថាពពករសាត់តាមខ្យល់ ក្រោមកំដៅហែងរបស់ព្រះទិនករ ជះពន្លឺមិនប្រណីដល់សត្វ លោកទាំងឡាយ ដែលកំពុងរងទុក្ខមិនត្រាប្រណី ឈាមស្រក់ពីរាងកាយថ្មីៗ ឡើងកក់យ៉ាងឆាប់រហ័ស ដោយសារឥទ្ធិលពលព្រៃផ្សៃរបស់អ្នក។តូចតន់បិទភ្នែកទាំងសន្សឹម ដោយមិនខ្វល់នឹងការស្រែកអង្វរ ឃាត់ការចាកចេញរបស់អនន្តឡើយ។រី​ឯសម្លេងគ្រាប់កាំភ្លើងទាំងឡាយ ដែលបញ្ចេញសម្លេងក្រអឺតរបស់ខ្លួននោះ លេងជាទីគម្រាមសម្រាប់នាងទៀតហើយ។

ដាក្រោកឡើង! ដា អូនកុំគេងបែបនេះអី! ដា!បងសុំទោស! បងសុំទោស! កុំចាកចោលបងអី! ដា!ដា!​ បងខុសហើយដា! បងខុសហើយដា

ចប់

 

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស​១០

index

អនន្តមិនដឹងឡើយថា សុដាបានផ្លាស់ប្តូរការងារទៅធ្វើការកន្លែងថ្មី ក្នុងតំណែងជាប្រធានក្រុមនៅរោងចក្រហ្វត ក្លរី សួនកាណាឌីយ៉ាវិញឡើយ។ អនន្តក៏ផ្អាកការជួបសុដាមួយរយៈដែរ ដើម្បីធ្វើឲ្យចិត្តរបស់នាងបានស្ងប់ មួយរយៈសិន។

រយៈកាលចេះតែកន្លង សុដាខិតខំធ្វើការណាស់ ក្នុងនាមជាប្រធានក្រុមកម្មករ។ នាងតែងជួយយកអាសារកម្មករដូចគ្នាមិនលុះឡើយ ជាហេតុធ្វើឲ្យនាងមានជម្លោះជាមួយថ្នាក់លើមិនដាច់។ កម្លាំងចិត្តនៃការចេះជួយគ្នាក្នុងគ្រាក្រ ដោយស្មោះត្រង់ និងមិនស្វែងរកចំណេញ បានជំរុញឲ្យសាមគ្គីភាពរវាងពួកគេកាន់តែរីករាលដាលឡើយ។ សុដា រួមជាមួយម្ចាស់សហជីពក្នុងរោងចក្រ និងសហជីពរោងចក្រដទៃទៀតបាន រួមគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំនៅ ទីលានប្រជាធិបតេយ្យ។ ការធ្វើនេះ បណ្តាលឲ្យខាងម្ចាស់រោងចក្រនិងរដ្ឋាភិបាលមានការក្តៅប្រហារយ៉ាងខ្លាំង។ ការគម្រាមនេះ មិនបានធ្វើឲ្យទឹកចិត្តពួកគេបាក់ឡើយ កម្មករមួយចំនួននៃរោងចក្រ បានបញ្ឃប់ការភ័យខ្លាចរបស់ខ្លួន ដោយធ្វើពិធីជប់លៀងរបស់ខ្លួននៅក្នុងសួនច្បារកាណាឌីយ៉ា។ ពិធីនេះ ប្រព្រឹត្តិទៅបានត្រឹមម៉ោង១២យប់។ ភ្លាមនោះក៏លឺសូរគ្រាប់កំាភ្លើង កម្មករកម្មការនីមិនបានភិតភ័យចំពោះស្ថានភាពនេះទេ។

សុដាឡើងប្រកាសជំនួសប្រធានសហជីប

បងប្អូនកម្មករកម្មការនីទាំងឡាយ សូមមេត្តារក្សាភាពស្ងៀមស្ងាត់ទាំងអស់គ្នា។ ពួកយើងមិនអាចរស់ទេ ប្រសិនពួកយើងមានភាពភ័យខ្លាចបែបនេះ។ ពួកយើងត្រូវតែតស៊ូ ដើម្បីឲ្យមានការតម្លើងប្រាក់ខែនិងការគោរពសិទ្ធិការងារ បើពួកយើងរត់ មានន័យថាពួកយើងបរាជ័យនឹងរត់អស់មួយជីវិត ចាញ់អស់មួយជីវិត។ដូច្នេះពួកយើង ត្រូវតែនាំគ្នាកាន់ដំបង កាន់ដុំថ្ម ដើម្បីតស៊ូប្រឆាំងនឹងពួកអាជ្ញាធរមានតួនាទីបំរើរដ្ឋ តែបំផ្លាញរដ្ឋទាំងនោះវិញ។ ពួកគេមិនស្រឡាញ់ប្រជារាស្រ្តរបស់ខ្លួនឡើយ ពួកគេស្រឡាញ់បរទេស ការពារប្រយោជន៏បរទេស។ យើងត្រូវតែ តស៊ូដើម្បីផលប្រយោជន៏របស់យើង! យើងត្រូវតែតស៊ូ……..

សម្លេងស្រុះស្រួលគ្នាបានលាន់ឡើង មិនដាច់៖

ត្រូវតែតស៊ូ! ត្រូវតែតស៊ូ

ស្រែបណ្តើរ សកម្មភាពកាន់ដំបង និងកាន់ដុំថ្ម តទល់នឹងកាំភ្លើងរបស់ក្រុមអាជ្ញាធរ។ យប់នោះមិនដឹងថា តើមាននរណាខ្លះត្រូវរងរបួស ឬនរណាខ្លះបានស្លាប់ និងបាត់ខ្លួនឡើយ។ ការវាយហារនេះ បានធ្វើឲ្យអាជ្ញាធរដកថយវិញ កម្មករ កម្មការនីបាននាំគ្នាចូលកាន់កាប់ផ្លូវ នាំយករទេះដែក និងជ័រ ឈើផ្តុំគ្នាដុតភ្លើងបំភ្លឺ ដើម្បីការពារខ្លួនពីក្រុមអាជ្ញាធរ បន្ទាប់ពីមានការស្រុះស្រួលគ្នាហើយ។

សុដាមានអារម្មណ៏ថា ព្រឹត្តិការណ៏នេះមិនខុសអ្វីពីការធ្វើបដិវត្តន៏ឡើយ។ នាងបានដកដង្ហើមចុងក្រោយនឹកដល់ គ្រួសារ ដែលត្រូវការពឹងផ្អែកលើនាងទាំងស្រុង ដើម្បីរកប្រាក់ចំណូល។ សុដានិងមិត្តភក្តិឯទៀត បានតាំងចិត្តរួម ហើយថានឹងប្រឈមមុខនឹងហេតុការណ៏អាក្រក់នេះ មិនរុញរាឡើយ ទោះត្រូវបាត់បង់ជីវិតក៏ដោយ។គ្រាន់តែលឺបញ្ជាពីមេភ្លាម។ អនន្តចាប់ផ្តើមានអារម្មណ៏មិនល្អ នាពេលសម្លេងទូរស័ព្ទបានបន្លឺឡើង ព្រោះអ្នកកម្លោះមិនចង់ធ្វើការងារជាគិញនេះបន្តទៀតទេ ព្រោះខ្លួនហាក់មានភាពហត់នឿយណាស់ក្នុងកិច្ចការនេះ។ ដោយហេតុមិនអាចប្រកែកបាន ទើបអនន្តសម្រេចចិត្តថាត្រូវតែទៅ ប៉ុន្តែគេនឹងបំពេញតួនាទីតិចតូចប៉ុណ្ណោះ។

គិតចប់ភ្លាម អនន្តចាប់ផ្តើមលើទូរស័ព្ទមេភ្លាម៖

ជម្រាបសួរបង!

ស្អែកនេះ!​ឯងទៅបំពេញការងារឯងដូចធម្មតាទៅ

ខ្ញុំសូមដកខ្លួនជាអ្នករាយការណ៏ពិសេស និងជាអ្នកផ្តល់ទីប្រឹក្សាក្នុងហេតុការណ៏បង្ក្រាប បាតុកម្មលើកនេះ។

ម្តេចក៏ឯងចង់បែបនេះ?

ខ្ញុំសូមបងម្តងនេះបានទេ?

បាន!តែឯង ត្រូវតែធ្វើជាគិញ រាយការណ៏ពិសេសឲ្យយើងដដែល

បាទ! តែសូមបងឲ្យគិញផ្សេងៗទៀត មកផង

អញដឹងហើយ! ព្រឹកនេះ ឯងប្រញាប់ប្រញាលទៅជាមួយក្រុមអាដែងទៅ លឺទេ?

បាទបង!

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស ភាគ៩

index

អនន្តមិនអាចបំភ្លេចរឿងល្ងាចមិញបាន។ អ្នកកម្លោះចូលទៅហាងខារ៉ាអូខេតែម្នាក់ឯង ហៅស្រាផឹកមិនទាន់បានប៉ុន្មានផង។ ម៉ែញែមចូលមកដល់នាំនារីស្រស់ស្អាតបីបួននាក់មកជាមួយ។ អនន្ត ក្រលេកទៅប៉ះចំនារីម្នាក់ ដែលមានរាងនិងមុខមាត់ស្រដៀងសុដា ឈរកៀនគេបង្អស់ ធ្វើឲ្យអ្នកកម្លោះសម្រេចចិត្តហៅនាងមកអង្គុយកំដរ។

អង្គុយបណ្តើរ ផឹកស្រាបណ្តើរ។ ក្នុងខ្លួនអនន្តហាក់គ្មានរំសាយអ្វីសោះពីទុកព្រួយទាំងឡាយ គេចាប់ផ្តើមនិយាយទៅកាន់នារីកំដរខ្លួន លាយនឹងយកដៃកៀកស្មានាងថា៖

នាងឈ្មោះអី?

បុប្ជា

បុប្ជា! ពិរោះណាស់!

នាងចូលចិត្តលុយទេ?

នាងបើកភ្នែកធំៗ ពេលលឺសម្តីនេះ

ចូលចិត្ត!

ល្អៗៗ នាងថាទៅមើល លុយមានតម្លៃណាស់ តើមែនទេ? នាងយល់ន័យពីវា ប៉ុន្តែមនុស្សស្រីដែលខ្ញុំស្រឡាញ់ មានរូបរាងប្រហាក់ប្រហែលនឹងនាងដែរ ប៉ុន្តែគេមិនយល់ថាលុយសំខាន់សោះ! នាងថាទៅមើល តើគេ ល្ងង់ដល់កំរិតណាទៅ! គេល្ងង់ណាស់ ល្ងង់ដល់ថ្នាក់រកស្រីណាល្ងង់ដូចមិនឃើញទេ! ខ្ញុំចង់ឲ្យនាងឈប់ធ្វើបាតុកម្ម ឈប់ធ្វើការក្នុងរោងចក្រ!នាងមិនព្រម!នាងគិតតែពីអ្នកដទៃ!អ្នកដទៃ! មួយម៉ាត់ណាក៏ប្រយោជន៏អ្នកដទៃដែរ! នាងចង់ផ្តាច់ទំនាក់ទំនងជាមួយខ្ញុំ ព្រោះខ្ញុំជាចៅហ្វាយខណ្ឌ ខ្ញុំជាគិញ នាងគិតទៅមើល! អ្នកណាមិនចង់បានលុយ! នាងធ្វើការងាររាល់ថ្ងៃនេះ ក៏ដើម្បីលុយដែរ តើមែនទេ?

លោកស្រវឹងហើយ!

ខ្ញុំមិនស្រវឹងទេ! ខ្ញុំផឹកមិនដែលស្រវឹងទេ

ខ្ញុំជូនលោកទៅសម្រាក

មិនបាច់ទេ! ខ្ញុំចង់ផឹកស្រាថែមទៀត យកស្រាមក!

មិនយូរប៉ុន្មាន រាងកាយអនន្តកាន់តែទ្រុតទ្រមទៅ។ ឃើញដូច្នេះ បុប្ជាបានកៀកគេចូលសម្រាកក្នុងផ្ទះជួលរបស់នាង។ ព្រឹកឡើង អនន្តបានដឹងខ្លួនវិញទាំងភ្ញាក់ ដោយសារខោអាវខ្លួនត្រូវបាត់អស់។ គេក្រលេកឃើញនារីម្នាក់នៅក្នុងបន្ទប់របស់ខ្លួនបែបនេះ។ គាត់ក៏ចាប់ផ្តើមសួរ

ម្តេចក៏ខ្ញុំនៅទីនេះ?

លោកស្រវឹងមិនដឹងខ្លួននឹងណា! លោកចាំខ្ញុំមិនបានទេឬ? ខ្ញុំឈ្មោះបុប្ជា​ស្រីកំដរលោកយប់មិញនោះអី!

ឯណាខោអាវខ្ញុំ

នៅទីនេះ

បុប្ជាយកខោអាវឲ្យអនន្តបណ្តើរ និយាយបណ្តើរ។

លោកមិនបាច់ភ័យទេ ទ្រព្យសម្បត្តិរបស់លោកនៅទាំងអស់ លើកលែងថ្លៃស្រានិងថ្លៃផ្ទះសំណាក់ប៉ុណ្ណោះ។

បុប្ជាចូលមកអង្គុយក្បែរអនន្ត រួចបន្ត

ខ្ញុំពេញចិត្តមនុស្សប្រុសដូចបង។ ប៉ុន្តែខ្ញុំចង់ប្រាប់បងថា នារីម្នាក់នោះ ជាមនុស្សស្រីល្អគួរសម។ នាងជាមនុស្សម្នាក់មានឧត្តមគតិ និងចិត្តល្អ។ខ្ញុំមិនដែលឃើញស្រីណាបែបនេះ ម្តងណាទេ! ប៉ុន្តែខ្ញុំក៏ចង់ប្រាប់បងថា ខ្ញុំមិនចង់រកស៊ីផ្លូវភេទដូចសព្វថ្ងៃឡើយ ខ្ញុំក៏ធ្លាប់ជាកម្មការនីក្នុងរោងចក្រម្នាក់ដែរ ប៉ុន្តែខ្ញុំត្រូវបង្ខំចិត្តរកស៊ីមុខរបរនេះ ដោយសារជីវភាពគ្រួសារក្រីក្រពេក។ ការងារនេះរកបានលុយច្រើន ខណៈពេលការងាររោងចក្របានលុយតិចពេក មិនអាចឲ្យខ្ញុំចិញ្ចឹមខ្លួននិងដោះបំណុលគ្រួសារដែលជំពាក់គេជុំទិសបានឡើយ។ តើមាននារីខ្មែរប៉ុន្មានអ្នកចង់រស់ក្រោមម្រាមដៃប្រុសគ្រប់គ្នា ក្រោមភ្លើងពណ៌បែបនេះ? ខ្ញុំក៏ចង់បានស្នេហាស្មោះសរម្នាក់ដែរ ប៉ុន្តែស្ថានភាពសង្គមបង្ខំខ្ញុំ។

មុនចាកចេញទៅ បុប្ជាបានបន្តសម្តីចុងក្រោយមកកាន់អនន្ត៖

ខ្ញុំចង់ប្រាប់បងថា លុយពិតណាស់សំខាន់ តែវាមិនអាចទិញស្នេហាពិតឡើយ។ បងអាចមានប្រពន្ធម្នាក់មានរូបឆោមស្អាតបានគ្រប់ពេល។ខ្វះអី! តួគុនច្រើនណាស់ នារីដូចពួកខ្ញុំក៏មានដែរ ឲ្យតែបងមានលុយ មានឋានៈ មិនខ្វះទេ ចង់បានប៉ុន្មានគឺបានបណ្នឹង ប៉ុន្តែបើបងចង់បានមនុស្សស្រីល្អម្នាក់កំដរបងដោយស្មោះត្រង់អស់មួយជីវិត ប្រហែលអាចពិបាកខ្លាំង ទោះមនុស្សមានចរិកខុសគ្នាដាច់ និងគ្មាននរណម្នាក់ល្អឥតខ្ចោះក៏ដោយ។ ខ្ញុំក៏ទទួលស្គាល់ថានារីម្នាក់នោះល្ងង់ណាស់ មិនអាចរស់ក្នុងសង្គមនេះបានទេ ប៉ុន្តែនាងជាមនុស្សស្រីល្អម្នាក់។ តែទោះយ៉ាងណាខ្ញុំយល់ព្រមកំដរបងគ្រប់ពេលដែលបងត្រូវការដែរ។

អនន្តភ្ញាក់ផ្អើរនឹងសម្តីនេះ។ គេមិនធ្លាប់គិតបែបនេះ ពីមុនមកឡើយ ព្រោះគេតែងមើលស្រាលនារីរកស៊ីផ្លូវភេទថា មិនល្អ គិតតែពីលុយនិងការសប្បាយ ប៉ុន្តែគេមិនដែរនឹកគិតពីទុក្ខវេទនាទាំងឡាយស្ថិតក្រោមភ្លើងពណ៌ទេ ឬអាចនិយាយបានថា គេមិនដែលខ្វល់តែម្តង។ យុវកម្លោះនៅតែអោនមុខចុះ និងមិនទទួលយកសម្តីទាំងនេះដដែល ប៉ុន្តែពាក្យពេចន៏ទាំងនោះ ហាក់ចូលក្នុងខួរក្បាលអ្នកកម្លោះខ្លះៗទៅហើយ។

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស ភាគ៨

index

ក្រោមវាយោជន់ជោរបក់កាតទឹកទន្លេរ ដែលហោរទៅមកមិនដាច់។ សុដាអង្គុយលើថ្មមុខមាត់ទន្លេតែឯង។ សភាពខ្លួននាងមិនខុសអ្វីឡើយពីថ្ម កំពុងត្រូវព្យុះធ្វើឲ្យរង្គោះរង្គើរមិនឈប់។ អារម្មណ៏កំពុងតែរវើយរវាយ ស្រាប់តែអនន្ត មកពីក្រោយ។

សុដា!​យ៉ាងម្តេចនឹងអូន បានជាចង់ជួបបងថ្ងៃនេះ

មិនមានអីទេ!

បើគ្មានម្តេចទឹកមុខអូនស្រពោនម្លេះ?

អូនមានរឿងខ្លះចង់សួរបងបានទេ?

មានរឿងអីនិយាយមក!

តើបងពិតជាអ្នករកស៊ីមែនឬមិនមែន?

អនន្តចាប់ផ្តើមមានការភ្ញាក់ផ្អើរនឹងសំនួរនេះ។

ម្តេចបានជាអូនសួរបងបែបនេះ?

សុដាសម្លឹងមើលទៅភ្នែកម្ចាស់ស្នេហ៏ រួចបន្ត

ព្រោះអូនចង់ឲ្យបង ប្រាប់អូនតាមត្រង់បានទេ?

អនន្តគិតបន្តិច រួមចាប់ផ្តើមឆ្លើយ

ពិតមែន!

បង រកស៊ីអ្វី?

ម្តេចអូនសួរដេញដោលច្រើនម្លេះ?

សុដា ហុចរូបថតឲ្យអនន្តមើល។អនន្តហាមិនចេញនឹងរូបថតទាំងនេះ រួចបន្ត

អូនបានរូបនេះពីណាមក?

បងនៅពើ ធ្វើមិនដឹងទៀតឬយ៉ាងណា?

ប្រាប់អូនតាមត្រង់មក? អូនពិតជាចង់ដឹងមែន! អូនមិនចូលចិត្តមនុស្សកុហកទេ! សេចក្តីស្នេហា ត្រូវការភាពស្មោះត្រង់រវាងគ្នានឹងគ្នា មិនមែនកុហកបែបនេះទេ។

អ​នន្តឈប់ មិនងាកក្រោយមើលមុខស្រីស្រស់

ទោះបីជាត្រូវបាត់បង់បង ក៏អូនត្រូវតែដឹងដែរ តើមែនទេ?

សុដាអោនមុខទៅដី ដោយមិនឆ្លើយ។ អនន្តដកដង្ហើមធំ រួចបន្ត

មែន!បងជាគិញ មិនថែមជាគិញទេ បងមានមុខងារជាចៅហ្វាយខណ្ឌមួយទៀតផង។ ប៉ុណ្នឹង ពេញចិត្តអូន ហើយឬនៅ?

សុដាភ័យស្ទើរដួល ប៉ុន្តែនាងខំទប់ខ្លួនជាប់។ អនន្តងាកមុខមើលស្ងួនពិសី រួមបន្តសម្តី

បងដឹងច្បាស់ណាស់ថា អូនមិនពេញចិត្តនឹងនឹងក្រុមអជ្ញាធរឡើយ។ គ្រានេះ អូនប្រហែលជាស្អប់បងខ្លាំង ណាស់ តើមែនទេ?

សុដាងើបមុខឡើង

តែបងមិនបានបញ្ជាគេ ឲ្យគ្នាបងប្រើហិង្សានិងបាញ់បោះមកលើពួកអូនទេ តើមែនទេ?

អនន្តនិយាយដោយអង់អាច

មែន! គឺបងអ្នកបញ្ជាឲ្យពួកគេធ្វើ! បងតាមដានសកម្មភាពពួកអូន ក្នុងនាមជាជនពាក់ខោអាវធម្មតា តែបងក៏ មានសិទ្ធិបញ្ជាឲ្យមានការចាប់ចងដែរ។ ពត៌មានប៉ុណ្នឹង!គ្រប់គ្រាន់សម្រាប់អូនហើយឬនៅ?

ដារវើយរវាយ​ រអ៊ូតែឯង

មិនគួរឲ្យជឿសោះថាបងអាចធ្វើបែបនេះទៅរួចនោះ! បងហ៊ាន សូម្បីបំផ្លាញជីវិតអ្នកដទៃ មិនថាអ្នកនោះជាជនរួមឈាមនឹងបង។

ដា! អូនស្តាប់បងសិនទៅ

បងនិយាយទៅ! អូនចាំស្តាប់

បង!បង!

បងនិយាយមិនចេញ តើមែនទេ? បងមិនដឹងថាបង ខុសតើមែនទេ! បានហើយ ពួកយើងដាច់គ្នាត្រឹមនេះ ចុះ

អនន្តនៅស្ងៀមមិនហារស្តី។ សុដាក៏ដើរចេញទៅទាំងព្រងើយ ត្រឡប់មកផ្ទះជួលនាងវិញ។ មិត្តនាងទាំងប្រាំនាក់ នៅមុខផ្ទះ។

សុដា!ឯងទើបមកពីណា?

គ្នាទៅសួរគេឲ្យចាស់

មិត្តនាងទាំងប្រាំដកដង្ហើមធំ

ឯងដាច់គ្នាជាមួយគេហើយឬយ៉ាងណា?

មែនហើយ! ចាប់ពីថ្ងៃនេះទៅ ខ្ញុំមិនពាក់ព័ន្ធជាមួយគេទៀតទេ។ ហើយក៏មិនចង់ឃើញមុខគេទៀតដែរ។

គ្នានឹងខិតខំធ្វើការសងបំណុលគេវិញ។ គ្នាមិនបោះបង់ចោលឆន្ទៈគ្នាជាដាច់ខាត។

 

Posted in Short stories | Leave a comment

ឈាមផ្កាដំបងយក្ស វគ្គ៧

index

 

ក្រោយពីម្តាយរបស់សុដា បានធូរស្បើយហើយ។ អនន្តបានសន្យាថានឹងចូលស្តីនាងនៅឆ្នាំក្រោយ អ្វីដែលសំខាន់ អនន្តចង់ឲ្យម្តាយសុដាទទួលស្គាល់រូបគេសិនប៉ុណ្ណោះ។ ក្រោយពីទទួលស្គាល់រួចរាល់ហើយ ពួកគេចាប់ផ្តើមធ្វើ ដំណើរត្រឡប់មករាជធានីភ្នំពេញវិញ ទាំងធូរចិត្ត និងរីករាយឡើងវិញ។

ស្ថានការប្រែប្រួលមិនទៀតទាត់ មុខងារជាគិញរបស់អនន្តត្រូវបានបើកកកាយ នាពេលគេជូនសុដាមកដល់ផ្ទះជួល នាងវិញ។ ក្រោយពីផុតស្រមោលអនន្តភ្លាម

សុខមចាប់ផ្តើម ចូលជិតសុដាយ៉ាងរហ័ស

ដា!ឯងឈប់នៅជាមួយអាប្រុសម្នាក់នោះទៅ?

សុដា ងាកមុខមើលសុខម រួមសួរដោយឆ្ងល់

ហេតុអ្វីទៅ សុខម?

វាជាគិញទេ!

សុដាស្តាប់ហើយកាលណានាង ស្ទើរតែជ្រុះបេះដួងធ្លាក់ដល់ដី។ នាងសំឡឹងមើលមុខមិត្តភក្តិនាងបួននាក់ទៀត ដែលឈរសំឡឹងមកនាងនៅមុខបន្ទប់ ងក់ក្បាលដាក់នាងគ្រប់គ្នា។ សុដាបើកភ្នែកធំៗ ហាក់មិនអស់ចិត្ត ចំពោះរឿងនេះ នាងចាប់ផ្តើមបន្តសំនួរ

ហេតុអ្វីបានជាពួកឯងដឹង?

សុខមសម្បួរវោហារជាងគេបន្ត

ឯងចាំប្រព្រឹត្តិការណ៏ថ្ងៃតវ៉ាសូមតម្លើងប្រាក់ខែនៅមុខវត្តស្ទឹងមានជ័យបានទេ?

ចាំបាន

ពេលនោះ មានពួកគិញជាច្រើនមកស៊ើបការពីពួកយើង! ការសន្ទនាតាមទូរស័ព្ទរបស់មិត្តប្រុសឯង និងមេវា ត្រូវបានមិត្តភក្តិយើងម្នាក់ចាប់បាន រួចរូបថតទៀតផង។ នេះគឺរូបថតមិត្តប្រុសឯង នៅជាមួយអាជ្ញាធរ និងកំពុងនិយាយស្អីមិនដឹងទេជាមួយក្រុមទាំងនោះ។ឯងឃើញទេ?

សុដាដាក់គូថអង្គុយចុះ ទាំងមិនជឿនឹងភ្នែក។ មិត្តភក្តិនាងទាំងប្រាំ ចូលមកគៀកនាង ដើម្បីលួមលោងនាង។

សុដាចាប់ផ្តើមនឹងឃើញកាយវិការប្លែករបស់អនន្ត ពេលនៅក្បែរនាង កាលគ្រានៅមុខរោងចក្រ។សម្តីប្លែកៗនៃគូ​ កំណាន់តែងបញ្ចុះបញ្ចូលនាងឲ្យឈប់ពីការងារ និងតែងតែនិយាយកាន់ជើងរដ្ឋាភិបាលជាញឹកញាប់។ អ្វីដែលសំខាន់គឺម៉ូតូទំនើប និងលុយចំណាយលើម្តាយនាង ធ្វើឲ្យនាងស្ទើរមិនជឿរឿងនេះ។

Posted in Short stories | Leave a comment

ឈាមផ្កាដំបងយក្ស ភាគ៦

index

ក្រោយពីឆ្លងកាត់ផ្លូវលំ ក្រាលដោយគ្រោះក្រហមជាច្រើនលើក។ អនន្តបានមកដល់ផ្ទះសុដា ប្រក់ដោយស្លឹកត្នោត ឈរបណ្តោយផ្លូវលំមួយ ទល់មុខវាលស្រែ។ គ្រាន់តែមកដល់ភ្លាម សុដានិងអនន្តស្ទុះចូលយ៉ាងលឿនក្នុងផ្ទះនាង ដើម្បីមើលម្តាយនាង កំពុងតែឈឺស្ទើរសន្លប់។

អនន្តងាកទៅរកសុដា ដណ្តឹងសួរ៖

ដា! អូនមានដឹងថាមានពេទ្យណា ល្អជាងប្រចាំភូមិទេ?

អ៊ំស្រីនាង ដែលទើបមកដល់ ចាប់ផ្តើមឆ្លើយយ៉ាងប្រញាប់

មាន! តែយើងមិនហ៊ានយកគាត់ទៅទេ ព្រោះថ្លៃណាស់!

អនន្តងើបឈរ រួចបន្ត

អ៊ំស្រីឲ្យលេខទូរស័ព្ទគាត់មក។ ខ្ញុំនឹងហៅទៅគាត់ឥឡូវនេះ

បាន

ក្រោយពីហៅទៅលេខនោះហើយ មិនយូរប៉ុន្មាន ឡានពេទ្យគ្រូពេទ្យម្នាក់ មានរាងធាត់បានមកដល់មុខផ្ទះរបស់នាង។ គ្រូពេទ្យនោះ ហាក់មិនចង់ចូលព្យាបាលឡើយ ពេលឃើញស្ថានភាពផ្ទះនេះ ប៉ុន្តែអនន្តបាននិយាយចចារជាមួយគ្រូពេទ្យបានមួយសន្ទុះ។ គ្រូពេទ្យចាប់ផ្តើមចូលទៅពិនិត្រ ព្រមទាំងដឹងម្តាយរបស់នាងសំដៅទៅកាន់មន្ទីពេទ្យបង្អែក។

វេលាយប់ ម៉ោងប្រាំបួន ម្តាយសុដាបានធូរស្បើយឡើងវិញ ធ្វើឲ្យនាង និងប្អូននាង ៦នាក់ទៀត សប្បាយរីករាយក្រៃលែង។ ពួកគេបញ្ចេញស្នាមញញឹមដាក់អនន្ត ដោយបញ្ជាក់ពីការថ្លែងអំណរគុណដល់បុរសនេះ។ បន្ទាប់មកពួកគេ ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ អនុញ្ញាតឲ្យសុដា និងយុវកម្លោះនៅមើលថែម្តាយនាងតែពីរនាក់។

សុដា ងាកមើលអនន្តទាំងទឹកមុខស្រពោន៖

បង ឃ្លានទេ?

អនន្តមើលមុខសង្សា រួចតប៖

បងឃ្លានណាស់! ដឹងអត់ថាបងមិនទាន់បានញុំាអីទេណា តាំងពីព្រលប់ រហូតដល់ព្រលប់វិញ រយៈពេល២៤ម៉ោងហើយណា!

សុដាស្ទុះឡើង!

ឲ្យអូនសូមទោស! អាល័យតែម្តាយឈឺ ភ្លេចគិតដល់បង! ចាំអូនរកអីឲ្យបងញុំា!

សុដា រៀបនឹងចេញក្រៅ។ អនន្តបំរុងនឹងឃាត់។ អ៊ំស្រីនាង បានយកបាយម្ភូបមកដល់ល្មម។

ពួកគេទាំងពីរ អង្គុយញុំាបាយជុំគ្នាយ៉ាងរីករាយ។

អនន្តចាប់ផ្តើមបន្លឺឡើង។

ម្តាយអូននឹងបានធូរស្បើយពីរោគលើសឈាមនេះក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែគាត់ត្រូវសម្រាកក្នុងមន្ទីពេទ្យនេះរយៈពេលមួយអាទិត្រសិនណាអូន។

សុដាធ្វើមុខស្ងួត រួមសួរបន្ត

អស់ថ្លៃព្យាបាលចំនួនប៉ុន្មានដែរ?

មិនអីទេចាំបងចេញ។ មិនច្រើនទេ គ្រាន់តែលុយតិចតួចអញ្ចឹង បងគ្រាន់តែយកថ្លៃរត់ពន្ធឥវ៉ាន់ខុសច្បាប់តិចរូចហើយ។

សុដាស្តាប់មិនច្បាស់ រួចសួរបញ្ជាក់

អំបាញ់មិញ បងថាម្តេច? ខ្ញុំស្តាប់មិនច្បាស់

បងថាចាំបងចេញថ្លៃព្យាបាលទាំងអស់ឲ្យ។ អូនមិនបាច់បារម្ភទេ

សុដាបដិសេធ

អូនមិនអាចទទួលយកលុយបង ដោយស្រួលៗបែបនេះបានទេ? អូននឹងខិតខំរកសងបងវិញ

អនន្តសើច រួចនិយាយបញ្ឃឺសុដាលេង

អូនរកបានដោយរបៀបណា? ដោយការងារជាកម្មកររបស់អូនណ្នឹង តើពេលណាសងបងគ្រប់?

សុដាស្រងាកចិត្ត មិនឆ្លើយ។ អនន្តបន្ត

អូនដឹងហើយថា លុយវាសំខាន់ខ្លាំងប៉ុណ្ណាទេ។ បើគ្មានលុយទេ ម្តាយអូនប្រាកដជាស្លាប់ជាមិនខាន។ បើគ្មានលុយទេ បងប្អូនអូនមិនអាចរៀនខ្ពស់បានទេណាដា។ នេះហើយជាមូលហេតុដែលបងចង់ឲ្យអូនចាកឆ្ងាយពីជីវិតកម្មការនី រោងចក្រនេះទៅ។ រួចទៅរៀនមុខវិជ្ជាអ្វីផ្សេង រៀនខាងផ្នែកកែសម្ជស្សក៏បានដែរ ចាំបងអ្នកចេញលុយឲ្យ។

សុដាដកដង្ហើមធំ រួចនឹងនិយាយតិចៗថា៖

លុយគឺសំខាន់ ដូចបងនិយាយអញ្ចឹង! ប៉ុន្តែអូនមិនអាចចាកចោលការងារអូននាពេលនេះបានទេ! អូនត្រូវ ការរកលុយមកជួយគ្រួសារ និងចិញ្ចឹងប្អូនៗទាំងប្រាំមួយនាក់ទៀត ឲ្យពួកវាបានចូលរៀននឹងគេ។ហេតុដូច្នេះហើយ បានជាអូន ត្រូវតែទាមទារដម្លើងប្រាក់ខែឲ្យបាន១៦០ដុល្លាឲ្យបានណាបង ព្រោះវាមិនមែនជាផលប្រយោជន៏តែ អូនទេ ប៉ុន្តែវាក៏ដើម្បីផលប្រយោជន៏កម្មករ កម្មារនីដទៃទៀត ដែលមានជីវភាពខ្វះខាត និងខ្សត់ខ្សោយដូចអូនដែរ។ នេះជារឿងដែរអូនត្រូវតែធ្វើ?

អនន្តងើបឈរ លាយនឹងអារម្មណ៏ខឹងបន្តិច៖

ដា!ពេលណាទើបអូនឈប់គិតដល់អ្នកដទៃ? អូននិយាយមក ដូចជាចោទប្រកាន់រដ្ឋាភិបាលមិនល្អ មន្ត្រីទាំងនោះមិនកើតការ គិតតែពុករលួយមែនទេ? បានជាពួកអូនមកធ្វើបែបនេះ? មិនមែនទេ! ពួកអូនក៏រៀនបានតិចដែរ! ម្យ៉ាងវិញទៀត ម្ចាស់រោងចក្រទាំងនោះ សុទ្ធតែមកពីក្រៅ។ បើពួកគេទៅស្រុកគេវិញបាត់ តើពួកកម្មករ កម្មការនីទាំងនោះ បានស្អីធ្វើ?​

នួនស្រីនៅស្ងៀមមិនមាត់

ដា!ធាតុពិត បងចង់ឲ្យអូនមានគំនិតដូចជនទាំងនោះបន្តិចទៅបានទេ? អូនដឹងថាមូលហេតុអ្វីបានគេពួកគេ មានទេ គឺព្រោះតែពួកគេចេះបត់បែនតាមកាលៈទេសៈបែបនេះហើយ បានជាពួកគេមាន។ មាននេះហើយ បានជាពួកគេសម្បូរលុយចាយ ចង់បានឡាន បានឡាន ចង់បានផ្ទះវិឡា បានផ្ទះវិឡា មានឋានៈខ្ពស់ អូនឃើញទេ។

តូចតន់សម្លឹងមើលមុខប្រុសស្នេហ៏បន្តិច រួចបែរមុខចុះក្រោម សន្លឹងមើលចានម្ហូប

ភាពអត្មានិយម អូនធ្វើមិនរួចទេ ទោះជីវភាពគ្រួសារអូន ខ្សត់ខ្សោយម្តេចក្តី! ម្តាយអូនឈឺច្រើនឆ្នាំគ្មានថ្នាំ និងពេទ្យល្អព្យាបាលបែបនេះ! អូនមិនបន្ទោសគាត់ថាគ្មានគំនិតទាំងស្រុងទេ ប៉ុន្តែអូនក៏បន្ទោសស្ថានភាពសង្គម អយុត្តិធម៌ខ្លះៗដែរ។

ទឹកភ្នែកនាងចាប់ផ្តើមស្រក់ទាំងរន្ធត់។ នាងនៅតែបន្តសម្តីតែងអួលដើមករ៖

មុនពេលឪពុកអូន ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏! ម្ចាស់ឡានរត់បាត់ គ្មានការជួយរកមុខឃាតករ ពីខាងតុលាការ ទោះបីម្តាយអូនទៅដាក់ពាក្យបណ្តឹងហើយក្តី! បងដឹងទេថាគ្រួសារអូនវេទនាយ៉ាងណា? ម្តាយអូន ត្រូវទទួលបន្ទុកចិញ្ចឹមកូនទាំងប្រាំពីរតែម្នាក់ឯង តាំងពីប្អូនប្រុសពៅអូននៅក្នុងផ្ទៃម្លេះ។ អូនមិនដែលឃើញរដ្ឋអំណាច ណាមកជួយឧបត្តម្ភ ឬជួយគ្រួសាអូនម្តងណាទេ! ពួកគេទាត់កញ្ចៀងបន្លែម្តាយអូនចោល ពេលគាត់ដាក់លក់តាមចិញ្ចើមផ្លូវមុខផ្ទះគេចំហៀបផ្សារ។ ពួកវាគិតតែពីទារលុយម្តាយអូនមិនឈប់រាល់ថ្ងៃ ទាំងគាត់រកមិនសូវបានប៉ុន្មាន ក៏ពួកគេមិនដែលយោគយល់ដែរ។ អូនត្រូវបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៩ ទាំងមិនទាន់ប្រលងបាក់ឌុបផង ដើម្បីជួយរកលុយចិញ្ចឹមគ្រួសារជាមួយម្តាយ ក្នុងនាមជាកូនស្រីច្បង និងដើម្បីឲ្យប្អូនៗបានរៀនបន្ត។ ម្តាយអូនងើបពីព្រលឹមម៉ោង៤យប់ មកដល់ផ្ទះម៉ោង៥យប់។ គាត់អូសរទេះ រហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់បែបនេះ។ អូនត្រូវសម្រេចចិត្តទៅរកការងារនៅទីក្រុងទាំងប្រថុយប្រថាន។ មានម្តងនោះ មានក្មេងមួយក្រុម ឆក់លុយអូន! អូនដេញវាមិនទាន់! អូនទៅប្តឹងប៉ូលីស គេទារលុយអូនថែមទៀត។

អនន្តអង្គុយចុះ សម្លឹងមើលស្រីស្នេហ៏ រៀបនឹងយកដៃជូនទឹកភ្នែក ប៉ុន្តែត្រូវសុដាងាកមុខចេញ។ រួចបន្ត៖

ករណីវេទនាបែបនេះ មិនមែនកើតឡើងចំពោះតែអូនមួយទេ? វាកើតច្រើនបែបច្រើនយ៉ាងណាចំពោះ កម្មការនីដូចពួកអូន។ មិត្តភក្តិរួមបន្ទុកអូនក៏ធ្លាប់ជួបរឿងបែបនេះដែរ។ ក្នុងនោះមានមិត្តម្នាក់ ធ្លាប់ត្រូវគេចាប់រំលោភជាក្រុមកាលនាងនៅតូចទៀតផង។ ចុងក្រោយ នាងឃើញបុរសទាំងនោះដើរលេងពេញភូមិ សប្បាយរាល់ថ្ងៃ។

អូនមិនបានបន្ទោសអ្វីដល់ក្រុមអជ្ញាធរទាំងនោះធ្វើទេ ព្រោះអូនមិនដឹងមូលហេតុពិតប្រាកដថា ហេតុអ្វីឈាមពួកគេខ្មៅយ៉ាងនេះ។ អូនល្ងង់ណាស់ រៀនបានតិចណាស់! អ្វីដែលអូនចង់បានគឺត្រូវការប្រាក់ខែ១៦០ដុល្លា ដើម្បីរស់នៅឲ្យបានសមរម្យនឹងគេ។អូនគ្រាន់តែចង់ឃើញមិត្តភក្តិអូនមកពីខេត្ត បានដូចអូនដែរ។អូននឹងធ្វើការងារបន្ថែមម៉ោងទៀតដើម្បីផ្គត់ផ្គង់លុយនេះ ដល់ប្អូនៗបានរៀន និងមើលថែម្តាយ។ ប៉ុណ្ណឹងគឺអូនសប្បាយចិត្តហើយ។ អូនមិនត្រូវការឡាន វិឡា ដូចពួកនឹងទេ។

អនន្តសួរបន្ត៖

អូនចង់កែប្រែស្ថានភាពប្រទេសនេះ ដោយវិធីណា? បើគេម្នាក់ៗសុទ្ធតែពុករលួយនោះ? ​​​​​​​​​​​​ទាំងមន្ត្រីរាជការ ទាំងអ្នកជំនួញនោះ? បានជាគេមានណាអូន!

អូនមិនខ្វល់ទេ! អូនចង់ប្រាប់ពួកគេថា អូនក៏ចង់រស់នៅដោយសមរម្យ ប្រកបដោយអំពើសុច្ចរិតដែរ។

តែវាមិនអាចកែប្រែសង្គមនេះបានត្រឹមមួយថ្ងៃទេដា!

តែគេមិនឲ្យអូនរស់

អូននឹងរស់ បើអូនរៀនធ្វើដូចគេ

តែអូនមិនចង់

បានហើយដា។ បងមិនចង់និយាយអ្វីច្រើនជាមួយអូនទៀតទេ? បងចង់ដេកហើយ

បងសម្រាកនៅឯណា?

បងនឹងទៅសណ្ឋាគារក្បែរនេះ។ ពេលណាអូនត្រូវការរកបង! អូនអាចហៅមកបងបានគ្រប់ពេល។

ចាស!

មែនហើយ! ស្អែក អូនត្រឡប់ទៅភ្នំពេញវិញ ឬយ៉ាងណា?

ចាសបង!

អញ្ចឹងបងនឹងឆាប់ត្រឡប់មកវិញ ពីព្រលឹងបន្តិច។ បងទៅសិនហើយ

ចាសបង

ជិះម៉ូតូស្វែរកផ្ទះជួលបណ្តើរ! អនន្តរអ៊ូបណ្តើរ៖

សុដានេះល្ងង់ណាស់!នៅស្រែពិបាកដល់ម្លឹងហើយ មិនដឹងខ្លួនទៀត ផ្ទះក្រប្រក់ស្លឹក គ្មានរបស់របបប្រើប្រាស់គ្រប់គ្រាន់ផង នៅមិនដឹងខ្លួនទៀត។ចំណែកការងារធ្វើលើស៨ម៉ោងរាល់ថ្ងៃ ប្រាក់ខែក៏តិច ស្មានតែលុយប៉ុណ្នឹងទប់ទល់នឹងស្ថានភាពគ្រួសារបែបនេះបានឬ? មិនយល់ពីអូនសោះ។ របៀននេះបានចំជាល្ងង់មែន។

មើលតែផ្លូវនេះដឹងហើយ! លំបាកណាស់ ស្រុកស្រែខុសឆ្ងាយដាច់នឹងនៅភ្នំពេញតែម្តង! បើកយប់បែបនេះក៏ងងឹតទៀត។ ខ្ញុំមិនចង់មកជាលើកទីពីរទេ។

 

Posted in Short stories | Leave a comment

ឈាមផ្កាដំបងយក្ស វគ្គប្រាំ

index

 

វគ្គទីប្រាំ

ក្រោមស្បៃអន្តកាល ក្នុងបន្ទប់ជួលនេះ។ នារីកំពុងគិតពីតម្លៃអាហារដែលញុំាជាមួយអនន្តថ្ងៃមិញ! តម្លៃនេះពិតជា ពិបាកទទួលបានណាស់ សម្រាប់នាងដែលមានប្រាក់ខែតិចតួចបែបនេះ។ កំពុងតែគិតម្នាក់ឯង ខណៈពេលមិត្ត នាងផ្សេងៗទៀត បានគេងយ៉ាងស្កប់ស្កាល់ ដើម្បីទាញយកថាមពលធ្វើការនាថ្ងៃស្អែកនោះ។ សម្លេងទូរស័ព្ទ បាន បន្លឺឡើង។ វ៉ឺងៗៗៗ សម្លេងទូរស័ព្ទអ៊ិនចុចពិលបានបន្លឺឡើង។ សុដាងាកខ្លួនចេញពីគ្រែដេកបន្តិចលើកទូរស័ព្ទឡើងលឿន និងមានអាម្មណ៏ហាក់តក់ស្លុតបន្តិច នាពេលនាងបានឃើញលេខមួយខ្សែលិចឡើងលើអេក្រង់ទូរស័ព្ទ។ ស្រីស្រស់ហាក់ដឹងជាមុនថាមានអ្វីកើតឡើងនៅចំពោះមុខ។ ឆោមឆាយបើកភ្នែកធំៗលាយលំនឹងសម្លេងញ័របន្តិច ពេលនាងចាប់ផ្តើមលើកទូរស័ព្ទឡើង។

ជំរាបសួរអ៊ំ!

សម្លេងទូរស័ព្ទលាន់លឺស្ទើរតែចេញមកក្រៅ

ដា! ម្តាយឯងឈឺខ្លាំងណាស់ ឯងប្រញាប់មកមើលវាលើកចុងក្រោយទៅ

នាងស្ទើរតែធ្លាក់ថ្លើមក្តុកចេញពីទ្រូង ទប់ខ្លួនមិននឹងបានត្រឹមតែឆ្លើយ៖

ចាស!​ ចាស!មីង! ខ្ញុំនឹងទៅនៅថ្ងៃស្អែកនេះ

នាងលុតជង្គង់អង្គុយយំ ទាក់ទាញនូវការចាប់អារម្មណ៏ពីមិត្តនាងប្រាំនាក់ទៀតគឺ ស្រីនាង ស្រីតូច សុខម ស្រីអូន និងសុភី សំឡឹងមើលនាងទាំងដកដង្ហើមធំ។

ស្រីតូចបន្លឺឡើង៖

ឯងទៅផ្ទះស្អែកនេះមែនទេ?

សុដាងក់ក្បាលបន្តិចទាំងក្រៀមក្រំជាសញ្ញា និងលាន់សម្លេងតិចៗ

ហ៊ី!

សុខមយកន្សែងឲ្យសុដាជូតទឹកភ្នែកបណ្តើរ និយាយបណ្តើរ

មិនអីទេ!ចាំស្អែកចាំគ្នាសុំច្បាប់ឲ្យ។ ការងារឯងមិនទាន់បញ្ចប់ពីម្យិលមិញ ចាំពួកគ្នាជួយបង្ហើយឲ្យ។

សុដាងើបមុខឡើង

គ្នាពិតជាអគុណពួកឯងខ្លាំងណាស់

មិត្តភក្តិនាងទាំងប្រាំ ញញឹមព្រមៗគ្នា។ សុខមដែលនៅក្បែរនួននាងជាងគេ បានយកដៃច្រាននាងបន្តិចជាសញ្ញាប្រាប់មិត្តនាងឲ្យសប្បាយចិត្តឡើង។

ឯងនេះគួរសមច្រើនណាស់! មកពីខេត្តឆ្ងាយពីផ្ទះ បែកពីគ្រួសារដូចគ្នាសោះ ក៏គួរសមដែរ! បានហើយទៅគេងទៅ ប្រយ័ត្នគ្មានកម្លាំងធ្វើដំណើរស្អែក។

សុដាញញឹមដោយមិនឆ្លើយតបអ្វីទាំងអស់។ រួចនាងទៅគេងបាត់ទៅ។

ព្រលឹមស្រាងៗ ធ្លាក់ជំនោរត្រជាក់ល្មម បានកំដៅជនគ្រប់គ្នា ដែលកំពុងដេកលង់លក់ស្រួលលែងចង់ងើប ខណៈពេលជនមួយចំនួនតូច ​កំពុងរីករាយធ្វើដំណើរខ្វាត់ខ្វែងក្រោមពន្លឺដ៏ស្រទន់នៃអំពូលអគ្គីសតាមបណ្តោយផ្លូវ ព្រមទាំងគ្មានចរាចរស្ទះបង្ហាក់ដំណើរពួកគេបានឡើយ។

សុដាស្ពាយឥវ៉ាន់ចេញមកដល់ផ្លូវជាតិរងចាំម៉ូតូឌុបជិះ។ ចៃដន្យអ្វី អនន្តចេញពីយាមពេលយប់បានជិះម៉ូតូកាត់នោះ បានបត់យ៉ាងរហ័សមករកគូស្នេហ៏កំពុងឈរមិនត្រង់ ហាក់អន្ទះអន្ទែងទៅណាមួយ។

ដា!អូនស្ពាយឥវ៉ាន់ទៅណាណ្នឹង?

សុដាភ្ញាក់ផ្អើរយ៉ាងខ្លាំង ពេលឃើញវត្តមានអនន្តនៅទីនោះ។នាងប្រែជាមានអារម្មណ៏អៀនខ្មាស់ទៅវិញ តែមិនចង់លាក់ប្រុសស្នេហ៏យ៉ាងម្តេច ទើបឆ្លើយតបវិញទាំងសម្រួល៖

ម្តាយអូនឈឺខ្លាំងណាស់!អូនត្រូវទៅខេត្តមើលគាត់ ក្រែងនេះជាលើកចុងក្រោយនៃការជួបមុខគាត់។

អនន្តហាក់យល់ចិត្តស្រី ក៏បន្ត៖

បើជិះម៉ូតូប្រហែលជាប៉ុន្មានម៉ោងដែរ?

ប្រហែលបីម៉ោង

អូខេ! អូនឡើងម៉ូតូបងមក!បងជូនអូនទៅ!

នារីហាក់មានភាពស្ទាក់ស្ទើរក្រែងចិត្តសង្សារ

ឡើងមក!

ចាសបង!

នាព្រលឹម ព្រះអាទិត្រទើបនឹងរះ ជះរស្មីបន្តិចចរាចរណ៏តាមដងផ្លូវ ចាប់ផ្តើមប្រែសភាពស្ទះបន្តិចទៅហើយ។ សុដា កាន់តែព្រួយបារម្ភឡើង ពេលនាងឃើញសភាពបែបនេះ ព្រោះនាងខ្លាចភាពស្ទះរាប់ម៉ោងនេះ កាន់តែធ្វើឲ្យនាងមិនអាចទៅទាន់ដង្ហើមចុងក្រោយរបស់ម្តាយនាងបាន។ ភាពភ័យខ្លាចនិងព្រួយបារម្ភបានរុញច្រាននាងផ្អែកលើ សង្សារដើម្បីបន្ធូរចិត្តនឹកម្តាយដោយមិនដឹងខ្លួន។

ឪ្យខ្យល់បក់ធំ               ជួយសាបចិត្តខ្ញុំ

ឈប់នឹកខ្វល់ខ្វាយ       ទោះមានសង្សារ

ដ៏ល្អក្បែរកាយ​             ម្តេចមិនរសាយ

ព្រួយព្រោះម្តាយថ្លៃ។

ខ្ញុំខំរកណាស់               ឈឺមិនដេកផ្ទះ

សន្សំសំចៃ                   ដើម្បីផ្ញើរប្រាក់

តិចតែមានន័យ            គ្រាន់ជាកំរៃ

ព្យាបាលម្តាយឈឺ។

គ្រាន់កាត់កម្ចី               ដាក់ដីបញ្ចាំ

ស្រែដែលជាឆ្នាំង         មរតកដូនតា។

ម្តេចក៏ពេលនេះ            កម្លាំងជីវ៉ា

ខំស៊ូប៉ុណ្ណា                   គិតថាគ្មានន័យ។

អនន្តហាក់យល់ចិត្តស្រីកំណាន់។ នាយខំជំរះរាល់ការស្ទះនិងបើកក្នុងល្បឿនលឿនគួរសមកាន់ដងវិថីក្រាលកៅស៊ូ ធំល្វឹងល្វើយសំដៅទៅស្រុកឧបមា ខេត្តព្រៃវែង ។

Posted in Uncategorized | Leave a comment