ឈាមផ្កាដំបងយក្ស វគ្គ៧

index

 

ក្រោយពីម្តាយរបស់សុដា បានធូរស្បើយហើយ។ អនន្តបានសន្យាថានឹងចូលស្តីនាងនៅឆ្នាំក្រោយ អ្វីដែលសំខាន់ អនន្តចង់ឲ្យម្តាយសុដាទទួលស្គាល់រូបគេសិនប៉ុណ្ណោះ។ ក្រោយពីទទួលស្គាល់រួចរាល់ហើយ ពួកគេចាប់ផ្តើមធ្វើ ដំណើរត្រឡប់មករាជធានីភ្នំពេញវិញ ទាំងធូរចិត្ត និងរីករាយឡើងវិញ។

ស្ថានការប្រែប្រួលមិនទៀតទាត់ មុខងារជាគិញរបស់អនន្តត្រូវបានបើកកកាយ នាពេលគេជូនសុដាមកដល់ផ្ទះជួល នាងវិញ។ ក្រោយពីផុតស្រមោលអនន្តភ្លាម

សុខមចាប់ផ្តើម ចូលជិតសុដាយ៉ាងរហ័ស

ដា!ឯងឈប់នៅជាមួយអាប្រុសម្នាក់នោះទៅ?

សុដា ងាកមុខមើលសុខម រួមសួរដោយឆ្ងល់

ហេតុអ្វីទៅ សុខម?

វាជាគិញទេ!

សុដាស្តាប់ហើយកាលណានាង ស្ទើរតែជ្រុះបេះដួងធ្លាក់ដល់ដី។ នាងសំឡឹងមើលមុខមិត្តភក្តិនាងបួននាក់ទៀត ដែលឈរសំឡឹងមកនាងនៅមុខបន្ទប់ ងក់ក្បាលដាក់នាងគ្រប់គ្នា។ សុដាបើកភ្នែកធំៗ ហាក់មិនអស់ចិត្ត ចំពោះរឿងនេះ នាងចាប់ផ្តើមបន្តសំនួរ

ហេតុអ្វីបានជាពួកឯងដឹង?

សុខមសម្បួរវោហារជាងគេបន្ត

ឯងចាំប្រព្រឹត្តិការណ៏ថ្ងៃតវ៉ាសូមតម្លើងប្រាក់ខែនៅមុខវត្តស្ទឹងមានជ័យបានទេ?

ចាំបាន

ពេលនោះ មានពួកគិញជាច្រើនមកស៊ើបការពីពួកយើង! ការសន្ទនាតាមទូរស័ព្ទរបស់មិត្តប្រុសឯង និងមេវា ត្រូវបានមិត្តភក្តិយើងម្នាក់ចាប់បាន រួចរូបថតទៀតផង។ នេះគឺរូបថតមិត្តប្រុសឯង នៅជាមួយអាជ្ញាធរ និងកំពុងនិយាយស្អីមិនដឹងទេជាមួយក្រុមទាំងនោះ។ឯងឃើញទេ?

សុដាដាក់គូថអង្គុយចុះ ទាំងមិនជឿនឹងភ្នែក។ មិត្តភក្តិនាងទាំងប្រាំ ចូលមកគៀកនាង ដើម្បីលួមលោងនាង។

សុដាចាប់ផ្តើមនឹងឃើញកាយវិការប្លែករបស់អនន្ត ពេលនៅក្បែរនាង កាលគ្រានៅមុខរោងចក្រ។សម្តីប្លែកៗនៃគូ​ កំណាន់តែងបញ្ចុះបញ្ចូលនាងឲ្យឈប់ពីការងារ និងតែងតែនិយាយកាន់ជើងរដ្ឋាភិបាលជាញឹកញាប់។ អ្វីដែលសំខាន់គឺម៉ូតូទំនើប និងលុយចំណាយលើម្តាយនាង ធ្វើឲ្យនាងស្ទើរមិនជឿរឿងនេះ។

Posted in Short stories | Leave a comment

ឈាមផ្កាដំបងយក្ស ភាគ៦

index

ក្រោយពីឆ្លងកាត់ផ្លូវលំ ក្រាលដោយគ្រោះក្រហមជាច្រើនលើក។ អនន្តបានមកដល់ផ្ទះសុដា ប្រក់ដោយស្លឹកត្នោត ឈរបណ្តោយផ្លូវលំមួយ ទល់មុខវាលស្រែ។ គ្រាន់តែមកដល់ភ្លាម សុដានិងអនន្តស្ទុះចូលយ៉ាងលឿនក្នុងផ្ទះនាង ដើម្បីមើលម្តាយនាង កំពុងតែឈឺស្ទើរសន្លប់។

អនន្តងាកទៅរកសុដា ដណ្តឹងសួរ៖

ដា! អូនមានដឹងថាមានពេទ្យណា ល្អជាងប្រចាំភូមិទេ?

អ៊ំស្រីនាង ដែលទើបមកដល់ ចាប់ផ្តើមឆ្លើយយ៉ាងប្រញាប់

មាន! តែយើងមិនហ៊ានយកគាត់ទៅទេ ព្រោះថ្លៃណាស់!

អនន្តងើបឈរ រួចបន្ត

អ៊ំស្រីឲ្យលេខទូរស័ព្ទគាត់មក។ ខ្ញុំនឹងហៅទៅគាត់ឥឡូវនេះ

បាន

ក្រោយពីហៅទៅលេខនោះហើយ មិនយូរប៉ុន្មាន ឡានពេទ្យគ្រូពេទ្យម្នាក់ មានរាងធាត់បានមកដល់មុខផ្ទះរបស់នាង។ គ្រូពេទ្យនោះ ហាក់មិនចង់ចូលព្យាបាលឡើយ ពេលឃើញស្ថានភាពផ្ទះនេះ ប៉ុន្តែអនន្តបាននិយាយចចារជាមួយគ្រូពេទ្យបានមួយសន្ទុះ។ គ្រូពេទ្យចាប់ផ្តើមចូលទៅពិនិត្រ ព្រមទាំងដឹងម្តាយរបស់នាងសំដៅទៅកាន់មន្ទីពេទ្យបង្អែក។

វេលាយប់ ម៉ោងប្រាំបួន ម្តាយសុដាបានធូរស្បើយឡើងវិញ ធ្វើឲ្យនាង និងប្អូននាង ៦នាក់ទៀត សប្បាយរីករាយក្រៃលែង។ ពួកគេបញ្ចេញស្នាមញញឹមដាក់អនន្ត ដោយបញ្ជាក់ពីការថ្លែងអំណរគុណដល់បុរសនេះ។ បន្ទាប់មកពួកគេ ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ អនុញ្ញាតឲ្យសុដា និងយុវកម្លោះនៅមើលថែម្តាយនាងតែពីរនាក់។

សុដា ងាកមើលអនន្តទាំងទឹកមុខស្រពោន៖

បង ឃ្លានទេ?

អនន្តមើលមុខសង្សា រួចតប៖

បងឃ្លានណាស់! ដឹងអត់ថាបងមិនទាន់បានញុំាអីទេណា តាំងពីព្រលប់ រហូតដល់ព្រលប់វិញ រយៈពេល២៤ម៉ោងហើយណា!

សុដាស្ទុះឡើង!

ឲ្យអូនសូមទោស! អាល័យតែម្តាយឈឺ ភ្លេចគិតដល់បង! ចាំអូនរកអីឲ្យបងញុំា!

សុដា រៀបនឹងចេញក្រៅ។ អនន្តបំរុងនឹងឃាត់។ អ៊ំស្រីនាង បានយកបាយម្ភូបមកដល់ល្មម។

ពួកគេទាំងពីរ អង្គុយញុំាបាយជុំគ្នាយ៉ាងរីករាយ។

អនន្តចាប់ផ្តើមបន្លឺឡើង។

ម្តាយអូននឹងបានធូរស្បើយពីរោគលើសឈាមនេះក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែគាត់ត្រូវសម្រាកក្នុងមន្ទីពេទ្យនេះរយៈពេលមួយអាទិត្រសិនណាអូន។

សុដាធ្វើមុខស្ងួត រួមសួរបន្ត

អស់ថ្លៃព្យាបាលចំនួនប៉ុន្មានដែរ?

មិនអីទេចាំបងចេញ។ មិនច្រើនទេ គ្រាន់តែលុយតិចតួចអញ្ចឹង បងគ្រាន់តែយកថ្លៃរត់ពន្ធឥវ៉ាន់ខុសច្បាប់តិចរូចហើយ។

សុដាស្តាប់មិនច្បាស់ រួចសួរបញ្ជាក់

អំបាញ់មិញ បងថាម្តេច? ខ្ញុំស្តាប់មិនច្បាស់

បងថាចាំបងចេញថ្លៃព្យាបាលទាំងអស់ឲ្យ។ អូនមិនបាច់បារម្ភទេ

សុដាបដិសេធ

អូនមិនអាចទទួលយកលុយបង ដោយស្រួលៗបែបនេះបានទេ? អូននឹងខិតខំរកសងបងវិញ

អនន្តសើច រួចនិយាយបញ្ឃឺសុដាលេង

អូនរកបានដោយរបៀបណា? ដោយការងារជាកម្មកររបស់អូនណ្នឹង តើពេលណាសងបងគ្រប់?

សុដាស្រងាកចិត្ត មិនឆ្លើយ។ អនន្តបន្ត

អូនដឹងហើយថា លុយវាសំខាន់ខ្លាំងប៉ុណ្ណាទេ។ បើគ្មានលុយទេ ម្តាយអូនប្រាកដជាស្លាប់ជាមិនខាន។ បើគ្មានលុយទេ បងប្អូនអូនមិនអាចរៀនខ្ពស់បានទេណាដា។ នេះហើយជាមូលហេតុដែលបងចង់ឲ្យអូនចាកឆ្ងាយពីជីវិតកម្មការនី រោងចក្រនេះទៅ។ រួចទៅរៀនមុខវិជ្ជាអ្វីផ្សេង រៀនខាងផ្នែកកែសម្ជស្សក៏បានដែរ ចាំបងអ្នកចេញលុយឲ្យ។

សុដាដកដង្ហើមធំ រួចនឹងនិយាយតិចៗថា៖

លុយគឺសំខាន់ ដូចបងនិយាយអញ្ចឹង! ប៉ុន្តែអូនមិនអាចចាកចោលការងារអូននាពេលនេះបានទេ! អូនត្រូវ ការរកលុយមកជួយគ្រួសារ និងចិញ្ចឹងប្អូនៗទាំងប្រាំមួយនាក់ទៀត ឲ្យពួកវាបានចូលរៀននឹងគេ។ហេតុដូច្នេះហើយ បានជាអូន ត្រូវតែទាមទារដម្លើងប្រាក់ខែឲ្យបាន១៦០ដុល្លាឲ្យបានណាបង ព្រោះវាមិនមែនជាផលប្រយោជន៏តែ អូនទេ ប៉ុន្តែវាក៏ដើម្បីផលប្រយោជន៏កម្មករ កម្មារនីដទៃទៀត ដែលមានជីវភាពខ្វះខាត និងខ្សត់ខ្សោយដូចអូនដែរ។ នេះជារឿងដែរអូនត្រូវតែធ្វើ?

អនន្តងើបឈរ លាយនឹងអារម្មណ៏ខឹងបន្តិច៖

ដា!ពេលណាទើបអូនឈប់គិតដល់អ្នកដទៃ? អូននិយាយមក ដូចជាចោទប្រកាន់រដ្ឋាភិបាលមិនល្អ មន្ត្រីទាំងនោះមិនកើតការ គិតតែពុករលួយមែនទេ? បានជាពួកអូនមកធ្វើបែបនេះ? មិនមែនទេ! ពួកអូនក៏រៀនបានតិចដែរ! ម្យ៉ាងវិញទៀត ម្ចាស់រោងចក្រទាំងនោះ សុទ្ធតែមកពីក្រៅ។ បើពួកគេទៅស្រុកគេវិញបាត់ តើពួកកម្មករ កម្មការនីទាំងនោះ បានស្អីធ្វើ?​

នួនស្រីនៅស្ងៀមមិនមាត់

ដា!ធាតុពិត បងចង់ឲ្យអូនមានគំនិតដូចជនទាំងនោះបន្តិចទៅបានទេ? អូនដឹងថាមូលហេតុអ្វីបានគេពួកគេ មានទេ គឺព្រោះតែពួកគេចេះបត់បែនតាមកាលៈទេសៈបែបនេះហើយ បានជាពួកគេមាន។ មាននេះហើយ បានជាពួកគេសម្បូរលុយចាយ ចង់បានឡាន បានឡាន ចង់បានផ្ទះវិឡា បានផ្ទះវិឡា មានឋានៈខ្ពស់ អូនឃើញទេ។

តូចតន់សម្លឹងមើលមុខប្រុសស្នេហ៏បន្តិច រួចបែរមុខចុះក្រោម សន្លឹងមើលចានម្ហូប

ភាពអត្មានិយម អូនធ្វើមិនរួចទេ ទោះជីវភាពគ្រួសារអូន ខ្សត់ខ្សោយម្តេចក្តី! ម្តាយអូនឈឺច្រើនឆ្នាំគ្មានថ្នាំ និងពេទ្យល្អព្យាបាលបែបនេះ! អូនមិនបន្ទោសគាត់ថាគ្មានគំនិតទាំងស្រុងទេ ប៉ុន្តែអូនក៏បន្ទោសស្ថានភាពសង្គម អយុត្តិធម៌ខ្លះៗដែរ។

ទឹកភ្នែកនាងចាប់ផ្តើមស្រក់ទាំងរន្ធត់។ នាងនៅតែបន្តសម្តីតែងអួលដើមករ៖

មុនពេលឪពុកអូន ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏! ម្ចាស់ឡានរត់បាត់ គ្មានការជួយរកមុខឃាតករ ពីខាងតុលាការ ទោះបីម្តាយអូនទៅដាក់ពាក្យបណ្តឹងហើយក្តី! បងដឹងទេថាគ្រួសារអូនវេទនាយ៉ាងណា? ម្តាយអូន ត្រូវទទួលបន្ទុកចិញ្ចឹមកូនទាំងប្រាំពីរតែម្នាក់ឯង តាំងពីប្អូនប្រុសពៅអូននៅក្នុងផ្ទៃម្លេះ។ អូនមិនដែលឃើញរដ្ឋអំណាច ណាមកជួយឧបត្តម្ភ ឬជួយគ្រួសាអូនម្តងណាទេ! ពួកគេទាត់កញ្ចៀងបន្លែម្តាយអូនចោល ពេលគាត់ដាក់លក់តាមចិញ្ចើមផ្លូវមុខផ្ទះគេចំហៀបផ្សារ។ ពួកវាគិតតែពីទារលុយម្តាយអូនមិនឈប់រាល់ថ្ងៃ ទាំងគាត់រកមិនសូវបានប៉ុន្មាន ក៏ពួកគេមិនដែលយោគយល់ដែរ។ អូនត្រូវបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៩ ទាំងមិនទាន់ប្រលងបាក់ឌុបផង ដើម្បីជួយរកលុយចិញ្ចឹមគ្រួសារជាមួយម្តាយ ក្នុងនាមជាកូនស្រីច្បង និងដើម្បីឲ្យប្អូនៗបានរៀនបន្ត។ ម្តាយអូនងើបពីព្រលឹមម៉ោង៤យប់ មកដល់ផ្ទះម៉ោង៥យប់។ គាត់អូសរទេះ រហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់បែបនេះ។ អូនត្រូវសម្រេចចិត្តទៅរកការងារនៅទីក្រុងទាំងប្រថុយប្រថាន។ មានម្តងនោះ មានក្មេងមួយក្រុម ឆក់លុយអូន! អូនដេញវាមិនទាន់! អូនទៅប្តឹងប៉ូលីស គេទារលុយអូនថែមទៀត។

អនន្តអង្គុយចុះ សម្លឹងមើលស្រីស្នេហ៏ រៀបនឹងយកដៃជូនទឹកភ្នែក ប៉ុន្តែត្រូវសុដាងាកមុខចេញ។ រួចបន្ត៖

ករណីវេទនាបែបនេះ មិនមែនកើតឡើងចំពោះតែអូនមួយទេ? វាកើតច្រើនបែបច្រើនយ៉ាងណាចំពោះ កម្មការនីដូចពួកអូន។ មិត្តភក្តិរួមបន្ទុកអូនក៏ធ្លាប់ជួបរឿងបែបនេះដែរ។ ក្នុងនោះមានមិត្តម្នាក់ ធ្លាប់ត្រូវគេចាប់រំលោភជាក្រុមកាលនាងនៅតូចទៀតផង។ ចុងក្រោយ នាងឃើញបុរសទាំងនោះដើរលេងពេញភូមិ សប្បាយរាល់ថ្ងៃ។

អូនមិនបានបន្ទោសអ្វីដល់ក្រុមអជ្ញាធរទាំងនោះធ្វើទេ ព្រោះអូនមិនដឹងមូលហេតុពិតប្រាកដថា ហេតុអ្វីឈាមពួកគេខ្មៅយ៉ាងនេះ។ អូនល្ងង់ណាស់ រៀនបានតិចណាស់! អ្វីដែលអូនចង់បានគឺត្រូវការប្រាក់ខែ១៦០ដុល្លា ដើម្បីរស់នៅឲ្យបានសមរម្យនឹងគេ។អូនគ្រាន់តែចង់ឃើញមិត្តភក្តិអូនមកពីខេត្ត បានដូចអូនដែរ។អូននឹងធ្វើការងារបន្ថែមម៉ោងទៀតដើម្បីផ្គត់ផ្គង់លុយនេះ ដល់ប្អូនៗបានរៀន និងមើលថែម្តាយ។ ប៉ុណ្ណឹងគឺអូនសប្បាយចិត្តហើយ។ អូនមិនត្រូវការឡាន វិឡា ដូចពួកនឹងទេ។

អនន្តសួរបន្ត៖

អូនចង់កែប្រែស្ថានភាពប្រទេសនេះ ដោយវិធីណា? បើគេម្នាក់ៗសុទ្ធតែពុករលួយនោះ? ​​​​​​​​​​​​ទាំងមន្ត្រីរាជការ ទាំងអ្នកជំនួញនោះ? បានជាគេមានណាអូន!

អូនមិនខ្វល់ទេ! អូនចង់ប្រាប់ពួកគេថា អូនក៏ចង់រស់នៅដោយសមរម្យ ប្រកបដោយអំពើសុច្ចរិតដែរ។

តែវាមិនអាចកែប្រែសង្គមនេះបានត្រឹមមួយថ្ងៃទេដា!

តែគេមិនឲ្យអូនរស់

អូននឹងរស់ បើអូនរៀនធ្វើដូចគេ

តែអូនមិនចង់

បានហើយដា។ បងមិនចង់និយាយអ្វីច្រើនជាមួយអូនទៀតទេ? បងចង់ដេកហើយ

បងសម្រាកនៅឯណា?

បងនឹងទៅសណ្ឋាគារក្បែរនេះ។ ពេលណាអូនត្រូវការរកបង! អូនអាចហៅមកបងបានគ្រប់ពេល។

ចាស!

មែនហើយ! ស្អែក អូនត្រឡប់ទៅភ្នំពេញវិញ ឬយ៉ាងណា?

ចាសបង!

អញ្ចឹងបងនឹងឆាប់ត្រឡប់មកវិញ ពីព្រលឹងបន្តិច។ បងទៅសិនហើយ

ចាសបង

ជិះម៉ូតូស្វែរកផ្ទះជួលបណ្តើរ! អនន្តរអ៊ូបណ្តើរ៖

សុដានេះល្ងង់ណាស់!នៅស្រែពិបាកដល់ម្លឹងហើយ មិនដឹងខ្លួនទៀត ផ្ទះក្រប្រក់ស្លឹក គ្មានរបស់របបប្រើប្រាស់គ្រប់គ្រាន់ផង នៅមិនដឹងខ្លួនទៀត។ចំណែកការងារធ្វើលើស៨ម៉ោងរាល់ថ្ងៃ ប្រាក់ខែក៏តិច ស្មានតែលុយប៉ុណ្នឹងទប់ទល់នឹងស្ថានភាពគ្រួសារបែបនេះបានឬ? មិនយល់ពីអូនសោះ។ របៀននេះបានចំជាល្ងង់មែន។

មើលតែផ្លូវនេះដឹងហើយ! លំបាកណាស់ ស្រុកស្រែខុសឆ្ងាយដាច់នឹងនៅភ្នំពេញតែម្តង! បើកយប់បែបនេះក៏ងងឹតទៀត។ ខ្ញុំមិនចង់មកជាលើកទីពីរទេ។

 

Posted in Short stories | Leave a comment

ឈាមផ្កាដំបងយក្ស វគ្គប្រាំ

index

 

វគ្គទីប្រាំ

ក្រោមស្បៃអន្តកាល ក្នុងបន្ទប់ជួលនេះ។ នារីកំពុងគិតពីតម្លៃអាហារដែលញុំាជាមួយអនន្តថ្ងៃមិញ! តម្លៃនេះពិតជា ពិបាកទទួលបានណាស់ សម្រាប់នាងដែលមានប្រាក់ខែតិចតួចបែបនេះ។ កំពុងតែគិតម្នាក់ឯង ខណៈពេលមិត្ត នាងផ្សេងៗទៀត បានគេងយ៉ាងស្កប់ស្កាល់ ដើម្បីទាញយកថាមពលធ្វើការនាថ្ងៃស្អែកនោះ។ សម្លេងទូរស័ព្ទ បាន បន្លឺឡើង។ វ៉ឺងៗៗៗ សម្លេងទូរស័ព្ទអ៊ិនចុចពិលបានបន្លឺឡើង។ សុដាងាកខ្លួនចេញពីគ្រែដេកបន្តិចលើកទូរស័ព្ទឡើងលឿន និងមានអាម្មណ៏ហាក់តក់ស្លុតបន្តិច នាពេលនាងបានឃើញលេខមួយខ្សែលិចឡើងលើអេក្រង់ទូរស័ព្ទ។ ស្រីស្រស់ហាក់ដឹងជាមុនថាមានអ្វីកើតឡើងនៅចំពោះមុខ។ ឆោមឆាយបើកភ្នែកធំៗលាយលំនឹងសម្លេងញ័របន្តិច ពេលនាងចាប់ផ្តើមលើកទូរស័ព្ទឡើង។

ជំរាបសួរអ៊ំ!

សម្លេងទូរស័ព្ទលាន់លឺស្ទើរតែចេញមកក្រៅ

ដា! ម្តាយឯងឈឺខ្លាំងណាស់ ឯងប្រញាប់មកមើលវាលើកចុងក្រោយទៅ

នាងស្ទើរតែធ្លាក់ថ្លើមក្តុកចេញពីទ្រូង ទប់ខ្លួនមិននឹងបានត្រឹមតែឆ្លើយ៖

ចាស!​ ចាស!មីង! ខ្ញុំនឹងទៅនៅថ្ងៃស្អែកនេះ

នាងលុតជង្គង់អង្គុយយំ ទាក់ទាញនូវការចាប់អារម្មណ៏ពីមិត្តនាងប្រាំនាក់ទៀតគឺ ស្រីនាង ស្រីតូច សុខម ស្រីអូន និងសុភី សំឡឹងមើលនាងទាំងដកដង្ហើមធំ។

ស្រីតូចបន្លឺឡើង៖

ឯងទៅផ្ទះស្អែកនេះមែនទេ?

សុដាងក់ក្បាលបន្តិចទាំងក្រៀមក្រំជាសញ្ញា និងលាន់សម្លេងតិចៗ

ហ៊ី!

សុខមយកន្សែងឲ្យសុដាជូតទឹកភ្នែកបណ្តើរ និយាយបណ្តើរ

មិនអីទេ!ចាំស្អែកចាំគ្នាសុំច្បាប់ឲ្យ។ ការងារឯងមិនទាន់បញ្ចប់ពីម្យិលមិញ ចាំពួកគ្នាជួយបង្ហើយឲ្យ។

សុដាងើបមុខឡើង

គ្នាពិតជាអគុណពួកឯងខ្លាំងណាស់

មិត្តភក្តិនាងទាំងប្រាំ ញញឹមព្រមៗគ្នា។ សុខមដែលនៅក្បែរនួននាងជាងគេ បានយកដៃច្រាននាងបន្តិចជាសញ្ញាប្រាប់មិត្តនាងឲ្យសប្បាយចិត្តឡើង។

ឯងនេះគួរសមច្រើនណាស់! មកពីខេត្តឆ្ងាយពីផ្ទះ បែកពីគ្រួសារដូចគ្នាសោះ ក៏គួរសមដែរ! បានហើយទៅគេងទៅ ប្រយ័ត្នគ្មានកម្លាំងធ្វើដំណើរស្អែក។

សុដាញញឹមដោយមិនឆ្លើយតបអ្វីទាំងអស់។ រួចនាងទៅគេងបាត់ទៅ។

ព្រលឹមស្រាងៗ ធ្លាក់ជំនោរត្រជាក់ល្មម បានកំដៅជនគ្រប់គ្នា ដែលកំពុងដេកលង់លក់ស្រួលលែងចង់ងើប ខណៈពេលជនមួយចំនួនតូច ​កំពុងរីករាយធ្វើដំណើរខ្វាត់ខ្វែងក្រោមពន្លឺដ៏ស្រទន់នៃអំពូលអគ្គីសតាមបណ្តោយផ្លូវ ព្រមទាំងគ្មានចរាចរស្ទះបង្ហាក់ដំណើរពួកគេបានឡើយ។

សុដាស្ពាយឥវ៉ាន់ចេញមកដល់ផ្លូវជាតិរងចាំម៉ូតូឌុបជិះ។ ចៃដន្យអ្វី អនន្តចេញពីយាមពេលយប់បានជិះម៉ូតូកាត់នោះ បានបត់យ៉ាងរហ័សមករកគូស្នេហ៏កំពុងឈរមិនត្រង់ ហាក់អន្ទះអន្ទែងទៅណាមួយ។

ដា!អូនស្ពាយឥវ៉ាន់ទៅណាណ្នឹង?

សុដាភ្ញាក់ផ្អើរយ៉ាងខ្លាំង ពេលឃើញវត្តមានអនន្តនៅទីនោះ។នាងប្រែជាមានអារម្មណ៏អៀនខ្មាស់ទៅវិញ តែមិនចង់លាក់ប្រុសស្នេហ៏យ៉ាងម្តេច ទើបឆ្លើយតបវិញទាំងសម្រួល៖

ម្តាយអូនឈឺខ្លាំងណាស់!អូនត្រូវទៅខេត្តមើលគាត់ ក្រែងនេះជាលើកចុងក្រោយនៃការជួបមុខគាត់។

អនន្តហាក់យល់ចិត្តស្រី ក៏បន្ត៖

បើជិះម៉ូតូប្រហែលជាប៉ុន្មានម៉ោងដែរ?

ប្រហែលបីម៉ោង

អូខេ! អូនឡើងម៉ូតូបងមក!បងជូនអូនទៅ!

នារីហាក់មានភាពស្ទាក់ស្ទើរក្រែងចិត្តសង្សារ

ឡើងមក!

ចាសបង!

នាព្រលឹម ព្រះអាទិត្រទើបនឹងរះ ជះរស្មីបន្តិចចរាចរណ៏តាមដងផ្លូវ ចាប់ផ្តើមប្រែសភាពស្ទះបន្តិចទៅហើយ។ សុដា កាន់តែព្រួយបារម្ភឡើង ពេលនាងឃើញសភាពបែបនេះ ព្រោះនាងខ្លាចភាពស្ទះរាប់ម៉ោងនេះ កាន់តែធ្វើឲ្យនាងមិនអាចទៅទាន់ដង្ហើមចុងក្រោយរបស់ម្តាយនាងបាន។ ភាពភ័យខ្លាចនិងព្រួយបារម្ភបានរុញច្រាននាងផ្អែកលើ សង្សារដើម្បីបន្ធូរចិត្តនឹកម្តាយដោយមិនដឹងខ្លួន។

ឪ្យខ្យល់បក់ធំ               ជួយសាបចិត្តខ្ញុំ

ឈប់នឹកខ្វល់ខ្វាយ       ទោះមានសង្សារ

ដ៏ល្អក្បែរកាយ​             ម្តេចមិនរសាយ

ព្រួយព្រោះម្តាយថ្លៃ។

ខ្ញុំខំរកណាស់               ឈឺមិនដេកផ្ទះ

សន្សំសំចៃ                   ដើម្បីផ្ញើរប្រាក់

តិចតែមានន័យ            គ្រាន់ជាកំរៃ

ព្យាបាលម្តាយឈឺ។

គ្រាន់កាត់កម្ចី               ដាក់ដីបញ្ចាំ

ស្រែដែលជាឆ្នាំង         មរតកដូនតា។

ម្តេចក៏ពេលនេះ            កម្លាំងជីវ៉ា

ខំស៊ូប៉ុណ្ណា                   គិតថាគ្មានន័យ។

អនន្តហាក់យល់ចិត្តស្រីកំណាន់។ នាយខំជំរះរាល់ការស្ទះនិងបើកក្នុងល្បឿនលឿនគួរសមកាន់ដងវិថីក្រាលកៅស៊ូ ធំល្វឹងល្វើយសំដៅទៅស្រុកឧបមា ខេត្តព្រៃវែង ។

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស​ ភាគបួន

index

 

ថ្ងៃអាទិត្រ អនន្តបានឌុបសុដាដើរលេងនៅមុខវាំងជាមួយគ្នា។ ពួកគេគេចូលបន់ព្រះអង្គដង្កាជាមួយគ្នា បន្ទាប់មកអង្គុយមើលទឹកទន្លេហូរប្រដេញគ្នាទៅមកមិនដាច់។សុដានាងចាប់ទាញសៀវភៅមកអានខណៈអារម្មណ៏អនន្តហើរទៅឆ្ងាយតាមខ្យល់។

ដា!តើអូនគិតថាមិនចង់រកស៊ីអ្វីផ្សេងក្រៅពីការងាររោងចក្រទេឬ?

សុដាដាក់សៀវភៅចុះ សំឡឹងមើលសង្សាដោយចម្ងល់

ម្តេចបងសួរអូនបែបនេះ?

ការងាររោងចក្រពិបាកណាស់ មិនមែនបងមិនដឹងទេ។ហេតុនេះហើយបងចង់ឲ្យអូនស្វែងរកមុខរបរអ្វីថ្មីវិញ ប្រសើរជាងណាអូន!

អូនក៏ចង់ធ្វើបែបនេះដែរ! ប៉ុន្តែអូនគ្មានដើមទុនច្រើនទេសម្រាប់រកស៊ី? ម្យ៉ាងវិញទៀត កូនជាកូនអ្នកស្រែមិនស្គាល់ភ្នំពេញច្បាស់ទេ។ អូនមកភ្នំពេញនេះក៏ព្រោះរកលុយដើម្បីផ្គត់ផ្គង់គ្រួសារក៏លំបាកនៅព្រៃវែងដែរ បើអូនទុកលុយនេះធ្វើដើមទុនរកស៊ីនោះ អូនមិនអាចជួយសង្គ្រោះអ្វីដែលគ្រួសារអូនត្រូវការបន្ទាន់នាពេលនេះបានដែរ។

អូននឹងធ្វើវា នាពេលលណាអូនមានលុយនិងសមត្ថភាពគ្រប់គ្រាន់ត្រូវធ្វើតែប្រហែលមិនមែនពេលនេះទេ?

បងនឹងជួយអូន

បងទុកលុយបងសិនទៅ! អូនមិនទាន់ត្រូវការលុយបង និងការជួយរបស់បងនាពេលនេះទេ។ ចាំពេលណាអូនបានក្លាយជាភរិយាស្របច្បាប់របស់បងហើយ។នាពេលនោះ ចាំអូនគិតទៀត ចំណែកពេលនេះ ពួកយើងគ្រាន់តែជាសង្សាមើលចិត្តគ្នាសិនប៉ុណ្ណោះ។ អូនមិនដឹងថា បងនឹងនៅស្រឡាញ់អូនទៀត ឬនឹងដោះដៃចោលអូនក្នុងប្រការណាមួយឡើយ!

អនន្តកាន់ដៃមាសស្ងួនជាប់

ដា!បងពិតជាស្រឡាញ់អូនមែន! សូមអូនចេញពីជីវិតជាសហជីពក្រុមអ្នកធ្វើកូដកម្មទៅបានទេ? បងមិនចង់ឃើញអូនមានគ្រោះថ្នាក់អ្វីទេ! អូនដឹងទេថា ពេលពួកអូនធ្វើបាតុកម្មម្តងៗមានគ្រោះថ្នាក់យ៉ាងណាចំពោះអាយុជីវិតរបស់ អូន! កងកម្លាំងអាជ្ញាធរមិនលើកលែងទោសឲ្យអូនទេ!អូនដឹងទេ!

អូនមិនទៅណាចោលមិត្តរួមកម្មករ កម្មការនីរបស់អូនជាដាច់ខាត។ អូនក៏មិនខ្លាចកងអាជ្ញាធរទាំងនោះដែរ!

ពួកគេគួរតែប្រឹងប្រែងធ្វើការងារដើម្បីបំរើរដ្ឋ បំរើប្រជារាស្រ្តមិនមែនប្រើកម្លាំងបាយសម្លាប់ប្រជាជនខ្លួននោះទេ! បើរស់នៅគង់តែស្លាប់ដដែល អូននឹងតស៊ូរហូតដល់ស្លាប់។

សុដាញញឹមដាក់អនន្តដែលកំពុងបង្ហាញទឹកមុខបារម្ភនិងស្មុញគំនិត

តែបងកុំព្រួយ អូនមិនស្លាប់ទេ! អូនក៏មិនជឿថា ពួកគេហ៊ានសម្លាប់ឈាមរួមជាតិខ្លួនឯងដែរ។

អូនគិតខុសហើយ!ដា!អូនស្តាប់បងទៅ កុំអីណាអូន !

បើបងបង្រៀនឲ្យអូនខ្លាច!ឲ្យអូនគិតតែពីប្រយោជន៏ផ្ទាល់ខ្លួននោះ បងកុំនិយាយធ្វើអី ព្រោះមិនថាទៅដល់ទីណាទេ ខ្ញុំនឹងនៅជាមួយកម្មករ កម្មការនីរបស់អូនជានិច្ច។

អនន្តងើបឈរឡើង រួចបន្តវាចារ

បានហើយ! បងមិនបង្ខំអូនទេ! តោះយើងទៅរកញុំាអីបន្តិចទៅ បងនឹងនាំអូនត្រឡប់ទៅផ្ទះវិញ

អូខេ!

អូនចេះរៀននិយាយភាសាអង់គ្លេសលាយខ្មែរទៀតណ្ន៎!

ចេះតែថាតាមគេទៅណា!ក្រែងអាចរៀនចេះបានខ្លះមុនអាស៊ាន២០១៥ចូលមកដល់

មួយមាត់ៗណ្នឹង ចាំមើលប្រើការម្តេចកើត!

ប្រាកដជាបាន! យ៉ាងហោចណាស់ ក៏អាចសន្ទនាជាមួយគេ បានបន្តិចដែរ

បងចាំតែមើលទេ! ប៉ុន្តែ ពួកយើងមកដើរលេង ឬមកមើលសៀវភៅពេលនេះ?

ដើរលេងក៏ដើរ មើលសៀវភៅក៏មើល! តើមានអ្វីខុសគ្នា បើនៅមាត់ទន្លេមានអាកាសធាតុល្អយ៉ាងនេះ

ចាសបុរាណណាស់ មិនដូចគូស្នេហ៏គេផ្សេងៗសោះ!

សុដាមើលមុខអនន្តបន្តិច ទាំងមិនមាត់។ អនន្តងើបឈរឡើង

បងឃ្លានហើយ ទៅញុំាអីបន្តិចទៅ

ញុំអី!

ញុំអីក៏បានដែរ បងអ្នកចេញលុយ! ងើបឡើង!

ប៉ុន្តែ

គ្មានបន្តែទេ! មកតាមបងមក

ប៉ុន្តែ………

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស វគ្គបី

index

 

វគ្គទីបី

អនន្តត្រឡប់មកផ្ទះដាក់ដៃកើយខ្នើយសំឡឹងមើលដួងព្រះច័ន្ទរះនៅសែនឆ្ងាយតាមបង្អួចផ្ទះវិឡាល្វែងតូចមួយក្នុងរាត្រីកាល នឹកដល់សង្សាទើបសារភាពថ្មីៗ។ គិតបណ្តើរ អ្នកកម្លោះដកដង្ហើមបណ្តើរ។

នេះឬឱជារសក្តីស្នេហា                                    បានក្រេបពេលណាវង្វែងស្មារតី

គិតអ្វីមិនធ្លុះបានត្រឹមស្រមៃ                  គិតដល់រូបស្រីលែងចែកវណ្ណៈ

គួរណាស់តែបងគិតគួរជាងនេះ                        តែហ៊ានប្រលេសសារភាពស្នេហា

អូនអើយ ឲ្យចិត្តបងផ្សងយ៉ាងណា​       ឋានៈជីវ៉ាបងហារបំពាន។

បងជាគិញតាមប្រហារអូន                   បើសិនមាសស្ងួននឹមនួនយល់ន័យ

ឈឺចាប់យ៉ាងណាថ្លើមស្រស់ពិសី        បងត្រូវធ្វើអ្វីឃាត់ចិត្តស្រឡាញ់

ឬត្រូវសូមស្ងួនលាពីការងារ                  សូមស្រស់ជីវីចេញពីរោងចក្រ

ឆ្ងាយពីជីវិតដ៏សែនអប្បល័ក្ខ                 វិលមកសាកចិត្តជីវិតដូចបង។

 

ក្រោមមេឃលើដីមានតែស្រីមួយ ដែលជាជំនួយនៃរឿងជីវិត រូបបងស្នេហ៏អូនដូចទឹកអម្រិត ជួយស្រង់ជីវិត ឲ្យមានដង្ហើយ (សម្លេងទូរស័ព្ទរោទ៏)

ជម្រាបសួរបង

លោកស័ក្តបីសួរ

ឯងបាត់ទៅណាបានជាមិនឃើញមករាយការណ៏ជាមួយគិញផ្សេងៗទៀត

បាទបង! ខ្ញុំរងរបួសក្បាលខណៈពេលបំពេញបេសកម្មបាទ

យ៉ាងម្តេចហើយ របួសឯងមិនអីទេឬ?

បាទបង!មិនអីទេ

ឯងមានបានដំណឹងអ្វីថ្មី ពីពួកក្រុមអណាធិបតេយ្យអស់នោះទេ?

បាទបង! ខ្ញុំបានទៅមើលស្ថានភាពចចាររវាងតំណាងកម្មករនិងម្ចាស់រោងចក្រដែរបាទ ឃើញថាកម្មករ កម្មការនីមួយចំនួន មិនពេញចិត្តចំពោះការចចារតម្លើងត្រឹមប្រាំដុល្លានេះទេបាទ

មិនពេញចិត្ត!យី! ពួកអានេះវាគ្មានចំណេះដឹងអ្វីផង!ឲ្យប្រាក់ខែពួកវាប៉ុណ្នឹងសុំហើយ តើពួកវាចង់បានប៉ុន្មានទៀត! អាពួកនេះពិតជាមិនយល់មាឌខ្លួនមែន! មករំខានសេចក្តីសុខរបស់ឯងឲ្យរវល់ជាមួយរឿងអត់បានការ របស់ពួកវាទៀត។ បើអ្នកវិនិយោគខឹង ចេញបាត់ពីប្រទេសទៅ ពួកអាអស់ណ្នឹងបានស្អីលិតពួកវា!

បាទបង!បាទបង!

ឯងចាំមើលស្ថានការណ៏របស់ពួកគេទៀតចុះបើមានអ្វីប្លែក ឆាប់រាយការណ៏ប្រាប់អញលឺទេ!

បាទបង!

អនន្តទម្លាក់ខ្លួន គេងលើគ្រែនឹករលឹកដល់ស្រីស្នេហ៏ ទើបតែស្គាល់គ្នាថ្មីៗ។ តែអ្វីដែលជាទុក្ខវេទនា គឺត្រូវបញ្ចុះបញ្ចូល សុដាយ៉ាងណាឲ្យនាងឈប់ធ្វើការនៅរោងចក្រ។ ឲ្យទុក្ខព្រោះស្នេហ៏! ហេតុអ្វីពិបាកយ៉ាងនេះ នេះឬជាមូលហេតុដែលធ្វើឲ្យមនុស្សក្នុងលោក មិនអាចរស់នៅដោយគ្មានអ្នកបានឬ?

មិនយូរប៉ុន្មាន ភាពនឿយហត់​និងងងុយបានឆក់យកព្រលឹងអ្នកកម្លោះ​ឲ្យលង់លក់ចោលទ្វីបលោកការនៃ​ទុក្ខសោកបានមួយរយៈទៅ។

Posted in Uncategorized | Leave a comment

ឈាមផ្កាដំបងយក្ស ​​វគ្គពីរ

index

ឆាកទីពីរ៖

បន្ទប់សង់តូចៗ ជាប់គ្នាជាទីសំណាក់របស់កម្មការនីទាំងឡាយក្បែរសំណង់ធំៗ ​លាយឡំនឹងការលាន់ចេញនូវសម្លេងយានយន្តទាំងឡាយតាមដងផ្លូវលំតូចមិនអាក់។ ជួនកាលមានសំរាមលាយក្លិនអសោធជះចូលក្នុងបន្ទប់ទាំងនោះផង ហាក់មិនទទួលបានការចាប់អារម្មណ៏ពីពួកអ្នកជួលបន្ទប់ទាំងនោះទេ ព្រោះកម្លាំងកំណត់របស់ម្ចាស់រូបនីមួយៗសំណូមពរការសម្រាកលង់លក់ បន្ទាប់ពីចេញពីរោងចក្រអស់ហើយ ក្រោមសម្ពាធការងារ និងអាហារកង្វះផ្គត់ផ្គង់រូបកាយ ដែលត្រូវការគ្រប់វិតាមីន ដើម្បីដំណើរគ្រឿងម៉ាស៊ីនដ៏អស្ចារ្យនៃសេរីរាង្គទាំងនោះ។

នារី អង្គុយក្បែរអ្នកកម្លោះ ដើម្បីរងចាំមើលរបួស ក្រែងមានសភាពណាមិនស្រួល នឹងនៅតែដេកលង់លក់មិនដាច់។ មួយសន្ទុះក្រោយ យុវកម្លោះបានដឹងខ្លួន រួមទាំងរអ៊ូតិចៗ ទៅកាន់ឆោមស្រស់ទាំងក្តីព្រួយបារម្ភថា

-ខ្ញុំនៅទីណា? អួយ!ក្បាលរបស់ខ្ញុំត្រូវអ្វីណ្នឹង ម្តេចឈឺយ៉ាងនេះ?

សុដា ឆ្លើយដោយព្រួយបារម្ភ

លោកយ៉ាងម្តេចហើយ?

មិនអីទេ! គ្រាន់តែឈឺត្រង់ក្បាលតិចៗប៉ុណ្ណោះ!

អនន្តសំលឹងមើលវត្ថុជុំវិញខ្លួន ដោយឆ្ងល់បណ្តើរ វាចារបណ្តើរទៅកាន់ស្រស់ស្រី៖

ទីនេះគឺជាកន្លែងណា?​

ចាសជាផ្ទះជួល! ខ្ញុំស្នាក់នៅទីនេះ ជាមួយនឹងមិត្តភ័ក្តិខ្ញុំ៥នាក់ផ្សេងទៀត។

ប្រាំនាក់ទៀត! គេងយ៉ាងម្តេចទៅ?

ម្តេចលោកសួរបែបនេះ? លោកមិនមែនជាកម្មករទេឬ?

ខ្ញុំមិនមែនទេ! ខ្ញុំជា…! ខ្ញុំគ្រាន់តែជាអ្នករកស៊ីធម្មតាម្នាក់ប៉ុណ្ណោះ! គ្រាន់តែមកមើលកម្មករធ្វើបាតុកម្ម ហើយត្រូវរបួសរហូតមកដល់ពេលនេះណ្នឹងណា! ខ្ញុំគិតថាទៅវិញហើយ ខ្ញុំមិនដែលនៅបន្ទប់តូច ហើយឥវ៉ាន់ ច្រើនបែបនេះទេ?

អនន្តស្ទុះងើប ប៉ុន្តែគេប្រែវិលមុខ ដាក់ខ្លួនអង្គុយស្ទើរមិនទាន់

សុដាសួរទៅអ្នកកម្លោះម្តងទៀតដោយបារម្មណ៏

លោកមិនអីមែនឬ?

មិនអីទេ!

អនន្តសំលឹងមើលបន្ទប់ឆោមស្រស់ម្តងទៀត ប្រៀបនឹងជីវិតខ្លួនឯង មានលក្ខណៈខុសគ្នាប្លែក លាយឡំនឹងអារម្មណ៏គិតតិចៗក្នុងចិត្ត ខណៈខ្លួននៅតែអង្គុយនឹងគ្រែ៖

ម្តេចខ្ញុំសំណាងអាក្រក់យ៉ាងនេះ មកស្នាក់នៅក្នុងបន្ទប់តូចចង្អៀតរកតែខ្យល់ដកដង្ហើមមិនទាន់ផងបែបនេះ? ថែមទាំងដេកគ្នាច្រើនទៀតផង។ ហ្ហើយ!សម្រាកបន្តិចទេ យើងនឹងទៅវិញហើយ!

កំពុងតែគិត អ្នកកម្លោះក្រវាសភ្នែកសុដា កំពុងតែស្រោចដើមដំបងយក្សដែលដាំក្បែរបង្អួចមួយ។

អនន្តសួរទាំងចម្ងល់ លាយភាពមួម៉ងបន្តិចបន្តួចផង ទៅកាន់សុដា ដែលស្រោចផ្កាទាំងស្នាមញញឹមស្រស់។ បន្ទប់តូចបែបនេះហើយ អ្នកនាងនៅមានចិត្តដាំដំបងយក្សទៀត។សុដាសើចបែបហួសចិត្តបន្តិច ព្រមទាំងវាចារទាំងមិនខ្វល់នឹងកែវភ្នែកប្រុសជីវ៉ា កំពុងតាមដានសកម្មភាពទាំងនោះ លាយនឹងការស្តាប់មិនឈប់មកលើរូបស្រី។

មិនមែនខ្ញុំឧស្សាហ៏ទេ! ប៉ុន្តែដើមផ្កាដំបងយក្សមានផ្កាមួយនេះ គឺតំណាងឲ្យភាពរឹងប៉ឹង និងជាគ្រឿងលើក ទឹកចិត្តរបស់ខ្ញុំ ព្រោះវាអាចដោះបាននៅលើដីធម្មតា ឬដីខ្សាច់​ ទោះខ្សត់ទឹកម្តេចក្តី វានៅតែតស៊ូរស់ អត់ធ្មត់ ទាំងលាយបន្លាតូចៗរុំព័ទ្ធខ្លួន ដើម្បីការពារខ្លួន កំឡុងពេលខ្លួនឯងតូចល្មម បើប្រៀបនឹងដើមឈើមួយចំនួន។​វាមិន ខុសពីជីវិតជាក់ស្តែងរបស់មនុស្ស ដែលត្រូវជួបបញ្ហាគ្រប់បែបយ៉ាងទេ ប៉ុន្តែយើងត្រូវស្វែងរកវិធីដើម្បីរស់ លើពិភព លោកនៃការប្រកួតប្រជែងដើម្បីរស់មួយនេះ ដោយការខិតខំរាយបន្លាប្រកបដោយគតិបណ្ឌិត ដើម្បីការពារសត្រូវ និងតស៊ូដោយភាពអត់ធ្មត់ដើម្បីរស់។

ឆោមស្រស់ងាកមើលឆោមប្រុសទាំងទឹកមុខប្រិមប្រិយ និងដោះស្រោមដៃបណ្តើរ វាចារបណ្តើរ៖

លោកបានធូរស្បើយហើយ។ ខ្ញុំគិតថានឹងត្រឡប់ទៅរោងចក្រវិញហើយ។

ខ្ញុំអាចសូមស្គាល់ឈ្មោះអ្នកនាងបានទេ?

ខ្ញុំឈ្មោះ សុដា។ ចុះលោកវិញ?

អនន្ត

អនន្ត! សាវរបស់ព្រះពុទ្ធមែន!

នាងសើចបន្តិចដាក់អ្នកកម្លោះ រួចផ្តើមវាចារ

ឈ្មោះនេះពិរោះណាស់ តំណាងឲ្យសេចក្តីល្អទៀតផង មិនខុសអ្វីពីផ្កាឈូកដែលដុះចេញពីភក់ តែមានក្លិនឈ្ងុយឈ្ងប់គួរជាទីមនោរម្យដល់មនុស្សគ្រប់គ្នាទេ។ឪពុកម្តាយលោក ប្រាថ្នាដល់កូនជាបុគ្គលល្អម្នាក់ដូចសាវអនន្ត ហើយ បានជាដាក់ឈ្មោះកូនបែបនេះ?

អនន្តសំឡឹងមើលស្រស់ស្រីដោយភាពភ្ញាក់ផ្អើរ

អ្នកនាងរៀនបានច្រើនណាស់ណ្ន!

យុវត្តីសំលឹងមើលដើមដំបងយក្ស ដែលព្យូរទៅនឹងមាត់បង្អួច រួចបន្លឺវាចារតិចៗ

ខ្ញុំរៀនបានតូចទាបត្រឹមថ្នាក់ទីប្រាំបួនប៉ុណ្ណោះ ប៉ុន្តែខ្ញុំតែងចំណាយពេលអានសៀវភៅរាល់ពេលខ្ញុំទំនេរ តែមិនបានច្រើនទេ ច្រើនណាស់បានត្រឹមប៉ុណ្ណាទំព័រតែប៉ុណ្ណោះ នៅថ្ងៃឈប់សម្រាក ដោយសារភាពកម្សោកនៃការងារ ទាញយកថាមពលទាំងនោះអស់ទៅហើយ។

អនន្តដកដង្ហើមធំបន្តិច រួចងើបឈរឡើង។

មិត្តភក្តិអ្នកនាងទាំងប្រាំអ្នកទៀតទៅណាអស់ហើយ?

អូ!អាល័យតែនិយាយជាមួយលោក ភ្លេចគិតថាត្រូវទៅរោងចក្រមើលការចចាររវាងប្រធានរោងចក្រ និង ប្រធានសហជីពផង។

គ្រានោះអនន្តនឹកឃើញវិធីសាស្រ្តល្អមួយ អាចឲ្យគេចូលមើលសម្មភាពរបស់កម្មករនិងទឹកចិត្តពួកគេកាន់តែច្បាស់ទៀត។

ខ្ញុំសូមទៅផងបានទេ?

ហេតុអ្វីលោកចង់ទៅ លោកមិនប្រញាប់ទៅរកស៊ីជំនួញលោកវិញទេឬ? ចាំបាច់អ្វីនឹងចំណាយពេល​ជាមួយពួកខ្ញុំនោះ។

មិនអីទេ!បើនាងអនុញ្ញាតខ្ញុំសូមទៅដែរ!

ពួកគេទៅជួបជុំជាមួយកម្មករ កម្មការនីផ្សេងៗទៀតនៅមុខរោងចក្រអស់ហើយ។ តោះ!យើងប្រញាប់ទៅអញ្ចឹង

ហ៊ឺ!

នៅមុខរោងចក្រដែលមានមនុស្សជាច្រើន ឈរនៅទីនោះខណៈពេលតំណាងសហជីព របស់ខ្លួនកំពុងចូលខ្លួនចចារជាមួយម្ចាស់រោងចក្រនោះ។

សុដាក៏បានរៀបរាប់រឿងពិបាកទាំងឡាយដែលពួកនាងជាកម្មករកម្មារនីមានឲ្យអានន្តស្តាប់ នាពេលបុរសរកស៊ីម្នាក់នេះ ហាក់មិនដឹងពីជីវិតកម្មករទាំងនេះនៅឡើយ បានជាចេះតែក្រលេកមើលមិនឈប់នៅក្រុមកម្មករទាំងឡាយជុំវិញនោះ។

លោកជាអ្នករកស៊ីអញ្ចឹង ប្រហែលមិនដឹងពីទុក្ខលំបាកដែលកម្មករកម្មការនីដូចពួកខ្ញុំជួបប្រទះទេ តើមែនទេ?

អនន្តធ្វើមុខស្មើមិនឆ្លើយតបអ្វីទាំងអស់។ ពួកយើងសុទ្ធតែមានឪពុកម្តាយលំបាកនៅឯខេត្តផ្សេងៗគ្នា។ ពួកយើងមកទីនេះ ឆ្ងាយពីគ្រួសារ ពីមនុស្សស្រឡាញ់ ឆ្ងាយពីទីធ្លាប់ដើរលេងមករកប្រាក់ចំណូលបន្ថែមនៅរោងចក្រដើម្បីផ្គត់ផ្គង់លុយមួយចំនួនទៅពួកគេវិញ។ លោកដឹងទេថា ពួកយើងមិនដែលគេងបានឆ្អែតម្តងណាឡើយ ពួកយើង ត្រូវចំណាយពេល៨ម៉ោងជាមួយការងារមិនអាក់ ពេលខ្លះពួកយើងត្រូវថែមម៉ោងទៀតដើម្បីរកកំរៃបន្ថែម ព្រោះលុយដែលពួកយើងបានពីប្រាក់ខែនោះមិនអាចចាយបានគ្រប់គ្រាន់ឡើយ។ ដើម្បីសល់លុយ២០ទៅ៣០ដុល្លា សម្រាប់ផ្ញើរអ្នកផ្ទះ ពួកយើងត្រូវបង្អត់អាហារ មិនហ៊ានទិញអាហារឆ្ងាញ់ៗដើម្បីបរិភោគទេ មិនហ៊ានទិញខោអាវស្អាតៗដើម្បីពាក់ទេ…។

សុដាអោនមុខបន្តិចមុនបន្តវាចារ។អនន្តដកដង្ហើមធំបន្តិច ដោយទឹកមុខស្មើរ។

ពេលខ្លះខ្ញុំយល់ថា មិនដឹងថាពួកយើងដែលត្រូវម៉ែឪចិញ្ចឹមរហូតមកដល់ពេលនេះ មានកម្លាំងបែបនេះ ហើយបែរមកធ្វើការឲ្យគេទទេរបែបនេះសោះ។ គិតទៅដូចគ្មានផលចំណេញអ្វីចេញពីការងារទាំងនោះបន្តិចទាល់តែសោះ។មិនដឹងថារដ្ឋ និងម្ចាស់ក្រុមហ៊ុននោះ ជាមនុស្សបែបណា គិតយ៉ាងណាទេ?

បើមានពេល ខ្ញុំនឹងនាំលោកចូលទៅមើលក្នុងរោងចក្រនៅទីនោះ កន្លែងចង្អៀត ហើយក្តៅហប់ មើលទៅមិនគួរឲ្យចង់ធ្វើការទេ។ ពួកយើងឈរពេញៗម៉ោងដោយគ្មានសំរាក ពួកគេមិនគិតពីសុខភាពពួកយើងឡើយ។ លោកដឹងទេ ទោះបីជាពួកយើងធ្វើការងារដើម្បីគេខ្លាំងយ៉ាងណា ក៏ពួកយើងមិនដែលបានប្រាក់ឧបត្តម្ភបន្ថែម ដើម្បីលើកទឹកចិត្តពីពួកគេដែរ ក្រៅពីគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន និងប្រើប្រាស់យើងដូចទាសករនោះ។ លោកមើលបងស្រីម្នាក់នោះទៅមើល។ ពីមុនគាត់ខ្លាចស្លាប់ណាស់ គាត់មិនហ៊ានធ្វើអ្វីប្រឆាំងនឹងរដ្ឋទេ ព្រោះគាត់មានបទពិសោធន៏សម័យប៉ុលពតរួចហើយ ប៉ុន្តែពេលនេះគាត់មកធ្វើការតវ៉ាជាមួយពួកយើងដែរ ព្រោះគាត់ក៏មិនខុសពីកម្មករកម្មការនីផ្សេងៗទៀតទេ ដែលយល់ថានេះជាមធ្យោបាយចុងក្រោមមួយសម្រាប់រស់។ម្យ៉ាងវិញទៀត គាត់មានកូនៗតូច ធំត្រូវការរៀន ត្រូវការញុំាជាច្រើនទៀតក្នុងបន្ទប់ នាពេលប្តីគាត់បានស្លាប់ពេលគាត់ធ្វើជាកម្មករសំណង់ប៉ុន្មានខែមកនេះ ដោយគ្មានបានប្រាក់អ្វីទាំងអស់។ លោកដឹងទេថាមេការនោះថាម្តេច? គេថានេះជាកំហុសរបស់គាត់ដោយខ្លួន ឯងដែលធ្វេសប្រហែល។លោកថាទៅមើល នរណាគេជាអ្នកបញ្ជាឲ្យគាត់ឡើងទៅលើអាគារសាងសង់នោះ? នរណាគេជាអ្នក……ហ៊ីគួរឲ្យឈឺចិត្តណាស់!!! ខ្ញុំឆ្ងល់ដល់ហើយថាតើពួកអ្នកមានទាំងនោះ មានដែលយកអារម្មណ៏របស់គេដាក់ក្នុងខ្លួនរបស់ខ្លួនឯងខ្លះទេ? តែគេទាំងនោះកំពុងធ្វើអីទៅ?លុយ!!!!ខ្ញុំមិនឲ្យតម្លៃវាខ្លាំងណាស់ណាទេ ខ្ញុំគ្រាន់តែចង់បានវាដើម្បីរស់សមរម្យស្របនឹងកម្លាំងពលកម្មខ្ញុំប៉ុណ្ណោះ!ក្រៅពីនោះ ខ្ញុំមិនចង់បានទេ!

បើប្តូរពួកគេជាពួកយើងវិញ តើពួកគេមានអារម្មណ៏យ៉ាងណា?ប្រាក់ខែប៉ុណ្នឹង តើសមនឹងកម្លាំងគេទេ? អាចឲ្យគេរស់នៅដោយសមរម្យបានទេ? ចុះរដ្ឋទាំងនោះ ទុកប្រជាពលរដ្ឋចោលមែនទេ ខ្ញុំដូចជាឆ្ងល់រដ្ឋដល់ហើយ!

អនន្តសំលឹងមើលមុខសុដាឡើងក្រហមដូចកូនតុក្កតាតែបង្ហាញទឹកចិត្តចេញពីភាពពិតនិងស្មោះត្រង់ពីក្រអៅបេះដួងរបស់នាង។ ប៉ុន្តែក្នុងអារម្មណ៏របស់អនន្តបានត្រឹមតែដឹង តើគេអាចធ្វើអ្វីកើត។យុវជនដកដង្ហើមចេញមួយ រួចឈរក្បែរសុដាដោយអង់អាចលាយក្តីអាណិត។

ពេលនោះ លោកតំណាងសហជីពក៏ចេញមក។កម្មករ កម្មការនីទាំងអស់ដែលរងចាំស្តាប់មានការខកចិត្តត្រឡប់ទៅវិញ នាពេលពួកគេដឹងថាការចចារនេះត្រូវបរាជ័យ នឹងបានត្រឹមបានប្រាក់ប្រាំដុល្លាបន្ថែមទៀតប៉ុណ្ណោះ។

ចប់ហើយ! សុដាបន្លឺឡើង

ចប់អ្វី? ក្រែងគេតម្លើងឲ្យប្រាំដុល្លាហើយតើ

ប្រាំដុល្លា គ្រាន់ទេ! នេះពួកខ្ញុំនៅតែជាទាសករគេដដែលណ្នឹង ថែមទាំងអ៊ំស្រីអ្នកលក់បាយម្នាក់ស្លាប់ផង។

តើនេះយុត្តិធម៌ទេ? ហ៊ី!ខ្ញុំទៅផ្ទះជួលខ្ញុំវិញហើយ ចុះលោកទៅណាវិញ?

សុដា!…

ចាស!

ខ្ញុំអាចជូននាងទៅផ្ទះជួលអ្នកនាងបានទេ?

ហេតុអ្វី? លោកមិនប្រញាប់ទៅរកស៊ីវិញទេឬ? ពេលវេលាមានតម្លៃណាស់ណា!បើចង់អគុណខ្ញុំ នោះមិនបាច់ទេ ព្រោះ….

អនន្តចាប់ដៃសុដាបង្ហាញទឹកចិត្តក្តីអាណិតនិងស្រឡាញ់។ សុដាបានត្រឹមបើកភ្នែកធំៗគាំងបាត់ស្មារតី អារម្មណ៏វិលវល់មិនដឹងថា និយាយអ្វី ឬធ្វើអ្វីត្រូវឡើយ

ខ្ញុំពិតជាចង់មើលថែនាងអស់មួយជីវិតណាស់! តើបានទេ?

លោកឆាប់លែងដៃខ្ញុំទៅ!

នួននាងញញឹមដោយរីករាយ លាយមុខក្រហម

បាន!តែសុំពេលមើលចិត្តគ្នាសិន។ ម្យ៉ាងវិញទៀត ខ្ញុំជានារីខ្មែរគោរពប្រពៃណី

អនន្តឆ្លើយរួសរាន់

យល់! បងយល់!

សុដាញញឹម អនន្តហាក់មានភាពធូរស្បើយក្នុងចិត្តចំពោះសេចក្តីស្នេហាដូចកាំរន្ទះនេះឡើងវិញ ក្រោយពេលទប់ អារម្មណ៏មិនហាស្តីមិនបានរួចមក។

Posted in Short stories | Leave a comment

រឿង៖ ឈាមផ្កាដំបងយក្ស

index

វគ្គទីមួយ៖

អ្វីៗដូចជាផ្លាស់ប្តូរលឿនពេកហើយ ចាប់តាំងពីខ្ញុំចេញពីស្រុកកំណើតមកដល់ទីក្រុងភ្នំពេញ។ ខ្ញុំសំឡឹងមើលព្រះអាទិត្រទើបរះថ្មីក្នុងទីក្រុង​បញ្ចេញកំដៅខ្លាំង ហាក់ចង់ប្រជែងជាមួយកំដៅចេញពីរោងចក្រ និងផ្សែងយានយន្តទាំងឡាយ ដែលបញ្ជាកាយបើកបរទៅមកតាមដងផ្លូវមិនដាច់ ធ្វើឲ្យមនុស្សមានភាពរអារត់រកទីជម្រកផ្សេងៗ ដើម្បីគេចពីវា។ ខ្ញុំហាក់មានអារម្មណ៏នឿយហត់បន្តិច ស្ទើរទ្រាំមិនបាននឹងអាកាសធាតុបែបនេះ ព្រោះវាហាក់ខុសគ្នាឆ្ងាយពីស្រុកស្រែខ្ញុំ ដែលមានដើមឈើតូចធំសាយម្លប់ត្រជាក់ស្រេង លាយនឹងខ្យល់អាកាសបរិសុទ្ធជាទីត្រេកត្រអាលនៃអ្នកដំណើរទាំងឡាយ ប៉ុន្តែដំណឹងស្ទើរគ្រប់ស្ថានីយ៏​កាសែតស្តីពីការកាប់បំផ្លាញព្រៃឈើនោះ មិនដឹងតើទីស្ថានដ៏សែនមនោរម្យទាំងនោះ ផ្លាសប្តូរទៅជាយ៉ាងណាឡើយ។ ភាពផ្លាស់ប្តូរមិនឈប់នៃជីវតិតជនបទ និងទីក្រុងនេះ ពិតជាផ្តល់ក្តីព្រួយបារម្ភដល់ខ្ញុំជាខ្លាំង ចំពោះវាសនាក្មេងៗជំនាន់ក្រោយ ក្រោមគំនិតស្មុគស្មាញជាច្រើនក្នុងពិភពខ្មៅ និងអាប់អួលទាំងនេះ។ សុដាដាក់​កែវភ្នែកខ្មៅយង់ភ្លឺចាំង ក្រោមចិញ្ចឹមខ្មៅក្រាស់ ដិតជាប់ផ្ទៃមុខមូលក្រឡង់ ប្រៀបបានដួងព្រះច័ន្ទ គ្រប់ដណ្តប់ដោយសក់ខ្មៅរលោងរួញអង្គាដី សាយធ្លាក់វែងត្រឹមស្មាលើដងខ្លួនស្គម កម្ពស់ល្មម និងមានសម្បុលខ្មៅស្រអែម ញញឹមទៅកាន់មិត្តនាង ជាមួយនឹងក្រដាសសរសេរពាក្យ ទាមទារប្រាក់បៀវត្សរ៏១៦០ដុល្លា សូមឲ្យក្រុមហ៊ុនគោរពច្បាប់ការងារក្នុងដៃ។ រីឯមិត្តរួមក្រុមខ្លះដើរមុខសុដា កាន់រូបលោក ហ៊ុនសែន និងភរិយា សំដៅទៅក្រសួងការងារ។ ក្តីស្រមៃទាំងនេះប្រែរលាយសូន្យវិញ នាពេលសុដាក្រឡេកភ្នែកចំក្រុមអាជ្ញាធរ គ្រប់ដោយសំលៀកបំពាក់គគីរ ទឹកប៊ិចក្រម៉ៅ បានដាក់ឡានបិទផ្លូវធ្វើដំណើរនេះ ត្រង់មុខវត្តចង្ក្រានមានជ័យ(វត្តស្ទឹងមានជ័យ) ក្នុងគោលបំណងឃាត់ក្រុមអ្នកតវ៉ាទាំងឡាយ កុំឲ្យធ្វើដំណើរទៅមុខទៀតបាន។ សុដា និងកម្មករដទៃទៀត បានសំលឹងមើលទិដ្ឋភាពនេះទាំងអស់សង្ឃឹមរកអ្វីប្រៀបផ្ទឹមមិនបាន។​ស្រស់កល្យាណីដាក់ទឹកមុខចុះ ខណៈពេលមិត្តនាងផ្សេងៗទៀត បាននាំគ្នាសួរទៅអាជ្ញាធរនូវសំនួរទាំងឡាយពីការឃាត់ផ្លូវនេះ។គ្មានចម្លើយអ្វីសោះចេញពីក្រុមអាជ្ញាធរទាំងនោះ ប៉ុន្តែពួកសមត្ថកិច្ចគ្រងដោយឯកសណ្ឋានទាំងនេះ បានឆ្លើយតបមកវិញ ជាមួយនឹងការបាញ់ទឹកដាក់ក្រុមកម្មករ កម្មារនីទៅវិញ។

ឃើញបែបនេះ សុដាសួរសំនួរមួយចំនួនទៅកាន់អាជ្ញាធរ ក្រោមក្រសែរភ្នែកសំឡឹងមិនដាច់របស់បុរសម្នាក់ ស្លៀកពាក់ស៊ីវិលកាន់ទូរស័ព្ទបីគឿងឲ្យផ្តោតលើរូបនាងតែម្នាក់ ហាក់ជាជនពិសេសជាងគេក្នុងចំនោមជនដទៃទៀត៖

ពួកបងគួរណាស់តែយល់ដល់ពួកខ្ញុំជាកម្មករ កម្មការនីទន់ខ្សោយ ក៏មានចិត្តចង់រស់នៅ ដោយសមរម្យនឹងគេឯងដូចពួកបងដែរ។ហេតុអ្វីបានជាពួកបងមកឃាត់ដំណើរពួកខ្ញុំទៅវិញ? ពួកបងៗធ្វើបែបនេះ យល់ថាសមទេ ក្នុងនាមយើងជាប្រជាជនខ្មែរដូចគ្នា? ចំណែកបង សូមប្រើងារបស់បងក្នុងនាមជាអ្នកតំណាងឲ្យរដ្ឋខ្លះផង។ បងគួរណាស់តែមានការត្រាប្រណីបើកផ្លូវដល់ពួកខ្ញុំ ឲ្យធ្វើដំណើរទៅមុខដើម្បីស្នើរសុំដល់មន្ត្រីទាំងឡាយ ក្នុងក្រសួងការងារចេញមុខបំពេញតួនាទីខ្លួនឯងក្នុងនាមជារដ្ឋ។

កម្មករមួយចំនួន ចាប់ផ្តើមរើសដុំថ្មក្បែរខ្លួនកប់សំដៅលើអជ្ញាធរ។ រីឯក្រុមអាជ្ញាធរពាក់អាវរដ្ឋវិញ ប្រើកាំភ្លើងគ្រាប់ពិតបាញ់សំដៅលើក្រុមកម្មករ កម្មការនីគ្រងដោយអាវស៊ីវិលដើម្បីសងសឹកវិញ ធ្វើឲ្យពួកគេរត់ចែកផ្លូវរកតែអាយុ ជីវិត ក្រោមស្ថានភាពច្របូកច្របល់ កម្មករប្រុសៗមួយចំនួនបាននាំគ្នារត់ចូលក្នុងវត្តដើម្បីគេចខ្លួន កំឡុងពេលក្រុមអាជ្ញាធរប្រកបដោយដំបងឆក់ និងកាំភ្លើងដេញប្រមាញ់មិនឈប់។ អនន្ត បានរត់តាមមើលស្ថានភាពចាប់បាញ់បោះក្នុងវត្ត។ ពេលឃើញស្ថានភាពចាប់ចងរបស់អាជ្ញាធរ លើក្រុមកម្មករបានដប់នាក់ ចៃដន្យអ្វីវត្ថុរឹងម្យ៉ាងធ្លាក់ចំក្បាលធ្វើឲ្យយុវកម្លោះដួលនៅនឹងកន្លែង។

យុវកម្លោះត្រឹមដឹងថាហាក់មានស្រមោលនារីក៏ស្រស់សោភាម្នាក់ដែលខ្លួនធ្លាប់ឃើញ យកដៃប៉ះខ្លួនអង្រួន គេឲ្យភ្ញាក់ជាមួយសម្លេងពិរោះដូចសារិកា។

លោកភ្ងាក់ឡើង!លោកភ្ញាក់ឡើង!លោកយ៉ាងម្តេចហើយ! លោក!លោក!

អនន្តហាក់រវើយរវាយនឹងសម្លេងម្ចាស់សម្តី ប៉ុន្តែអ្វីៗត្រូវបានវិនាសជាមួយនឹងស្មារតីមិនស្តាប់បញ្ជាឲ្យលង់លក់ទៅ បាត់ចោលម្ចាស់សម្លេងដ៏សែនពិរោះនេះ ព្រមជាមួយពាក្យរអ៊ូក្នុងចិត្តថា៖ «ឆាប់ចប់អ្វីម្លេះ!ឪ្យអាត្ម័រខ្ញុំអើយ ម្តេច​​ ឆាប់រលត់សូន្យឈឹងបែបនេះ ធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីម្ចាស់សម្លេងលាន់លឺបំពេរពិរោះដូចឋានសួគ៌ាឲ្យវិនាសព្រាត់បាត់ទៅបែបនេះ។

Posted in Short stories | Leave a comment