ឈាមផ្កាដំបងយក្ស ​​វគ្គពីរ

index

ឆាកទីពីរ៖

បន្ទប់សង់តូចៗ ជាប់គ្នាជាទីសំណាក់របស់កម្មការនីទាំងឡាយក្បែរសំណង់ធំៗ ​លាយឡំនឹងការលាន់ចេញនូវសម្លេងយានយន្តទាំងឡាយតាមដងផ្លូវលំតូចមិនអាក់។ ជួនកាលមានសំរាមលាយក្លិនអសោធជះចូលក្នុងបន្ទប់ទាំងនោះផង ហាក់មិនទទួលបានការចាប់អារម្មណ៏ពីពួកអ្នកជួលបន្ទប់ទាំងនោះទេ ព្រោះកម្លាំងកំណត់របស់ម្ចាស់រូបនីមួយៗសំណូមពរការសម្រាកលង់លក់ បន្ទាប់ពីចេញពីរោងចក្រអស់ហើយ ក្រោមសម្ពាធការងារ និងអាហារកង្វះផ្គត់ផ្គង់រូបកាយ ដែលត្រូវការគ្រប់វិតាមីន ដើម្បីដំណើរគ្រឿងម៉ាស៊ីនដ៏អស្ចារ្យនៃសេរីរាង្គទាំងនោះ។

នារី អង្គុយក្បែរអ្នកកម្លោះ ដើម្បីរងចាំមើលរបួស ក្រែងមានសភាពណាមិនស្រួល នឹងនៅតែដេកលង់លក់មិនដាច់។ មួយសន្ទុះក្រោយ យុវកម្លោះបានដឹងខ្លួន រួមទាំងរអ៊ូតិចៗ ទៅកាន់ឆោមស្រស់ទាំងក្តីព្រួយបារម្ភថា

-ខ្ញុំនៅទីណា? អួយ!ក្បាលរបស់ខ្ញុំត្រូវអ្វីណ្នឹង ម្តេចឈឺយ៉ាងនេះ?

សុដា ឆ្លើយដោយព្រួយបារម្ភ

លោកយ៉ាងម្តេចហើយ?

មិនអីទេ! គ្រាន់តែឈឺត្រង់ក្បាលតិចៗប៉ុណ្ណោះ!

អនន្តសំលឹងមើលវត្ថុជុំវិញខ្លួន ដោយឆ្ងល់បណ្តើរ វាចារបណ្តើរទៅកាន់ស្រស់ស្រី៖

ទីនេះគឺជាកន្លែងណា?​

ចាសជាផ្ទះជួល! ខ្ញុំស្នាក់នៅទីនេះ ជាមួយនឹងមិត្តភ័ក្តិខ្ញុំ៥នាក់ផ្សេងទៀត។

ប្រាំនាក់ទៀត! គេងយ៉ាងម្តេចទៅ?

ម្តេចលោកសួរបែបនេះ? លោកមិនមែនជាកម្មករទេឬ?

ខ្ញុំមិនមែនទេ! ខ្ញុំជា…! ខ្ញុំគ្រាន់តែជាអ្នករកស៊ីធម្មតាម្នាក់ប៉ុណ្ណោះ! គ្រាន់តែមកមើលកម្មករធ្វើបាតុកម្ម ហើយត្រូវរបួសរហូតមកដល់ពេលនេះណ្នឹងណា! ខ្ញុំគិតថាទៅវិញហើយ ខ្ញុំមិនដែលនៅបន្ទប់តូច ហើយឥវ៉ាន់ ច្រើនបែបនេះទេ?

អនន្តស្ទុះងើប ប៉ុន្តែគេប្រែវិលមុខ ដាក់ខ្លួនអង្គុយស្ទើរមិនទាន់

សុដាសួរទៅអ្នកកម្លោះម្តងទៀតដោយបារម្មណ៏

លោកមិនអីមែនឬ?

មិនអីទេ!

អនន្តសំលឹងមើលបន្ទប់ឆោមស្រស់ម្តងទៀត ប្រៀបនឹងជីវិតខ្លួនឯង មានលក្ខណៈខុសគ្នាប្លែក លាយឡំនឹងអារម្មណ៏គិតតិចៗក្នុងចិត្ត ខណៈខ្លួននៅតែអង្គុយនឹងគ្រែ៖

ម្តេចខ្ញុំសំណាងអាក្រក់យ៉ាងនេះ មកស្នាក់នៅក្នុងបន្ទប់តូចចង្អៀតរកតែខ្យល់ដកដង្ហើមមិនទាន់ផងបែបនេះ? ថែមទាំងដេកគ្នាច្រើនទៀតផង។ ហ្ហើយ!សម្រាកបន្តិចទេ យើងនឹងទៅវិញហើយ!

កំពុងតែគិត អ្នកកម្លោះក្រវាសភ្នែកសុដា កំពុងតែស្រោចដើមដំបងយក្សដែលដាំក្បែរបង្អួចមួយ។

អនន្តសួរទាំងចម្ងល់ លាយភាពមួម៉ងបន្តិចបន្តួចផង ទៅកាន់សុដា ដែលស្រោចផ្កាទាំងស្នាមញញឹមស្រស់។ បន្ទប់តូចបែបនេះហើយ អ្នកនាងនៅមានចិត្តដាំដំបងយក្សទៀត។សុដាសើចបែបហួសចិត្តបន្តិច ព្រមទាំងវាចារទាំងមិនខ្វល់នឹងកែវភ្នែកប្រុសជីវ៉ា កំពុងតាមដានសកម្មភាពទាំងនោះ លាយនឹងការស្តាប់មិនឈប់មកលើរូបស្រី។

មិនមែនខ្ញុំឧស្សាហ៏ទេ! ប៉ុន្តែដើមផ្កាដំបងយក្សមានផ្កាមួយនេះ គឺតំណាងឲ្យភាពរឹងប៉ឹង និងជាគ្រឿងលើក ទឹកចិត្តរបស់ខ្ញុំ ព្រោះវាអាចដោះបាននៅលើដីធម្មតា ឬដីខ្សាច់​ ទោះខ្សត់ទឹកម្តេចក្តី វានៅតែតស៊ូរស់ អត់ធ្មត់ ទាំងលាយបន្លាតូចៗរុំព័ទ្ធខ្លួន ដើម្បីការពារខ្លួន កំឡុងពេលខ្លួនឯងតូចល្មម បើប្រៀបនឹងដើមឈើមួយចំនួន។​វាមិន ខុសពីជីវិតជាក់ស្តែងរបស់មនុស្ស ដែលត្រូវជួបបញ្ហាគ្រប់បែបយ៉ាងទេ ប៉ុន្តែយើងត្រូវស្វែងរកវិធីដើម្បីរស់ លើពិភព លោកនៃការប្រកួតប្រជែងដើម្បីរស់មួយនេះ ដោយការខិតខំរាយបន្លាប្រកបដោយគតិបណ្ឌិត ដើម្បីការពារសត្រូវ និងតស៊ូដោយភាពអត់ធ្មត់ដើម្បីរស់។

ឆោមស្រស់ងាកមើលឆោមប្រុសទាំងទឹកមុខប្រិមប្រិយ និងដោះស្រោមដៃបណ្តើរ វាចារបណ្តើរ៖

លោកបានធូរស្បើយហើយ។ ខ្ញុំគិតថានឹងត្រឡប់ទៅរោងចក្រវិញហើយ។

ខ្ញុំអាចសូមស្គាល់ឈ្មោះអ្នកនាងបានទេ?

ខ្ញុំឈ្មោះ សុដា។ ចុះលោកវិញ?

អនន្ត

អនន្ត! សាវរបស់ព្រះពុទ្ធមែន!

នាងសើចបន្តិចដាក់អ្នកកម្លោះ រួចផ្តើមវាចារ

ឈ្មោះនេះពិរោះណាស់ តំណាងឲ្យសេចក្តីល្អទៀតផង មិនខុសអ្វីពីផ្កាឈូកដែលដុះចេញពីភក់ តែមានក្លិនឈ្ងុយឈ្ងប់គួរជាទីមនោរម្យដល់មនុស្សគ្រប់គ្នាទេ។ឪពុកម្តាយលោក ប្រាថ្នាដល់កូនជាបុគ្គលល្អម្នាក់ដូចសាវអនន្ត ហើយ បានជាដាក់ឈ្មោះកូនបែបនេះ?

អនន្តសំឡឹងមើលស្រស់ស្រីដោយភាពភ្ញាក់ផ្អើរ

អ្នកនាងរៀនបានច្រើនណាស់ណ្ន!

យុវត្តីសំលឹងមើលដើមដំបងយក្ស ដែលព្យូរទៅនឹងមាត់បង្អួច រួចបន្លឺវាចារតិចៗ

ខ្ញុំរៀនបានតូចទាបត្រឹមថ្នាក់ទីប្រាំបួនប៉ុណ្ណោះ ប៉ុន្តែខ្ញុំតែងចំណាយពេលអានសៀវភៅរាល់ពេលខ្ញុំទំនេរ តែមិនបានច្រើនទេ ច្រើនណាស់បានត្រឹមប៉ុណ្ណាទំព័រតែប៉ុណ្ណោះ នៅថ្ងៃឈប់សម្រាក ដោយសារភាពកម្សោកនៃការងារ ទាញយកថាមពលទាំងនោះអស់ទៅហើយ។

អនន្តដកដង្ហើមធំបន្តិច រួចងើបឈរឡើង។

មិត្តភក្តិអ្នកនាងទាំងប្រាំអ្នកទៀតទៅណាអស់ហើយ?

អូ!អាល័យតែនិយាយជាមួយលោក ភ្លេចគិតថាត្រូវទៅរោងចក្រមើលការចចាររវាងប្រធានរោងចក្រ និង ប្រធានសហជីពផង។

គ្រានោះអនន្តនឹកឃើញវិធីសាស្រ្តល្អមួយ អាចឲ្យគេចូលមើលសម្មភាពរបស់កម្មករនិងទឹកចិត្តពួកគេកាន់តែច្បាស់ទៀត។

ខ្ញុំសូមទៅផងបានទេ?

ហេតុអ្វីលោកចង់ទៅ លោកមិនប្រញាប់ទៅរកស៊ីជំនួញលោកវិញទេឬ? ចាំបាច់អ្វីនឹងចំណាយពេល​ជាមួយពួកខ្ញុំនោះ។

មិនអីទេ!បើនាងអនុញ្ញាតខ្ញុំសូមទៅដែរ!

ពួកគេទៅជួបជុំជាមួយកម្មករ កម្មការនីផ្សេងៗទៀតនៅមុខរោងចក្រអស់ហើយ។ តោះ!យើងប្រញាប់ទៅអញ្ចឹង

ហ៊ឺ!

នៅមុខរោងចក្រដែលមានមនុស្សជាច្រើន ឈរនៅទីនោះខណៈពេលតំណាងសហជីព របស់ខ្លួនកំពុងចូលខ្លួនចចារជាមួយម្ចាស់រោងចក្រនោះ។

សុដាក៏បានរៀបរាប់រឿងពិបាកទាំងឡាយដែលពួកនាងជាកម្មករកម្មារនីមានឲ្យអានន្តស្តាប់ នាពេលបុរសរកស៊ីម្នាក់នេះ ហាក់មិនដឹងពីជីវិតកម្មករទាំងនេះនៅឡើយ បានជាចេះតែក្រលេកមើលមិនឈប់នៅក្រុមកម្មករទាំងឡាយជុំវិញនោះ។

លោកជាអ្នករកស៊ីអញ្ចឹង ប្រហែលមិនដឹងពីទុក្ខលំបាកដែលកម្មករកម្មការនីដូចពួកខ្ញុំជួបប្រទះទេ តើមែនទេ?

អនន្តធ្វើមុខស្មើមិនឆ្លើយតបអ្វីទាំងអស់។ ពួកយើងសុទ្ធតែមានឪពុកម្តាយលំបាកនៅឯខេត្តផ្សេងៗគ្នា។ ពួកយើងមកទីនេះ ឆ្ងាយពីគ្រួសារ ពីមនុស្សស្រឡាញ់ ឆ្ងាយពីទីធ្លាប់ដើរលេងមករកប្រាក់ចំណូលបន្ថែមនៅរោងចក្រដើម្បីផ្គត់ផ្គង់លុយមួយចំនួនទៅពួកគេវិញ។ លោកដឹងទេថា ពួកយើងមិនដែលគេងបានឆ្អែតម្តងណាឡើយ ពួកយើង ត្រូវចំណាយពេល៨ម៉ោងជាមួយការងារមិនអាក់ ពេលខ្លះពួកយើងត្រូវថែមម៉ោងទៀតដើម្បីរកកំរៃបន្ថែម ព្រោះលុយដែលពួកយើងបានពីប្រាក់ខែនោះមិនអាចចាយបានគ្រប់គ្រាន់ឡើយ។ ដើម្បីសល់លុយ២០ទៅ៣០ដុល្លា សម្រាប់ផ្ញើរអ្នកផ្ទះ ពួកយើងត្រូវបង្អត់អាហារ មិនហ៊ានទិញអាហារឆ្ងាញ់ៗដើម្បីបរិភោគទេ មិនហ៊ានទិញខោអាវស្អាតៗដើម្បីពាក់ទេ…។

សុដាអោនមុខបន្តិចមុនបន្តវាចារ។អនន្តដកដង្ហើមធំបន្តិច ដោយទឹកមុខស្មើរ។

ពេលខ្លះខ្ញុំយល់ថា មិនដឹងថាពួកយើងដែលត្រូវម៉ែឪចិញ្ចឹមរហូតមកដល់ពេលនេះ មានកម្លាំងបែបនេះ ហើយបែរមកធ្វើការឲ្យគេទទេរបែបនេះសោះ។ គិតទៅដូចគ្មានផលចំណេញអ្វីចេញពីការងារទាំងនោះបន្តិចទាល់តែសោះ។មិនដឹងថារដ្ឋ និងម្ចាស់ក្រុមហ៊ុននោះ ជាមនុស្សបែបណា គិតយ៉ាងណាទេ?

បើមានពេល ខ្ញុំនឹងនាំលោកចូលទៅមើលក្នុងរោងចក្រនៅទីនោះ កន្លែងចង្អៀត ហើយក្តៅហប់ មើលទៅមិនគួរឲ្យចង់ធ្វើការទេ។ ពួកយើងឈរពេញៗម៉ោងដោយគ្មានសំរាក ពួកគេមិនគិតពីសុខភាពពួកយើងឡើយ។ លោកដឹងទេ ទោះបីជាពួកយើងធ្វើការងារដើម្បីគេខ្លាំងយ៉ាងណា ក៏ពួកយើងមិនដែលបានប្រាក់ឧបត្តម្ភបន្ថែម ដើម្បីលើកទឹកចិត្តពីពួកគេដែរ ក្រៅពីគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន និងប្រើប្រាស់យើងដូចទាសករនោះ។ លោកមើលបងស្រីម្នាក់នោះទៅមើល។ ពីមុនគាត់ខ្លាចស្លាប់ណាស់ គាត់មិនហ៊ានធ្វើអ្វីប្រឆាំងនឹងរដ្ឋទេ ព្រោះគាត់មានបទពិសោធន៏សម័យប៉ុលពតរួចហើយ ប៉ុន្តែពេលនេះគាត់មកធ្វើការតវ៉ាជាមួយពួកយើងដែរ ព្រោះគាត់ក៏មិនខុសពីកម្មករកម្មការនីផ្សេងៗទៀតទេ ដែលយល់ថានេះជាមធ្យោបាយចុងក្រោមមួយសម្រាប់រស់។ម្យ៉ាងវិញទៀត គាត់មានកូនៗតូច ធំត្រូវការរៀន ត្រូវការញុំាជាច្រើនទៀតក្នុងបន្ទប់ នាពេលប្តីគាត់បានស្លាប់ពេលគាត់ធ្វើជាកម្មករសំណង់ប៉ុន្មានខែមកនេះ ដោយគ្មានបានប្រាក់អ្វីទាំងអស់។ លោកដឹងទេថាមេការនោះថាម្តេច? គេថានេះជាកំហុសរបស់គាត់ដោយខ្លួន ឯងដែលធ្វេសប្រហែល។លោកថាទៅមើល នរណាគេជាអ្នកបញ្ជាឲ្យគាត់ឡើងទៅលើអាគារសាងសង់នោះ? នរណាគេជាអ្នក……ហ៊ីគួរឲ្យឈឺចិត្តណាស់!!! ខ្ញុំឆ្ងល់ដល់ហើយថាតើពួកអ្នកមានទាំងនោះ មានដែលយកអារម្មណ៏របស់គេដាក់ក្នុងខ្លួនរបស់ខ្លួនឯងខ្លះទេ? តែគេទាំងនោះកំពុងធ្វើអីទៅ?លុយ!!!!ខ្ញុំមិនឲ្យតម្លៃវាខ្លាំងណាស់ណាទេ ខ្ញុំគ្រាន់តែចង់បានវាដើម្បីរស់សមរម្យស្របនឹងកម្លាំងពលកម្មខ្ញុំប៉ុណ្ណោះ!ក្រៅពីនោះ ខ្ញុំមិនចង់បានទេ!

បើប្តូរពួកគេជាពួកយើងវិញ តើពួកគេមានអារម្មណ៏យ៉ាងណា?ប្រាក់ខែប៉ុណ្នឹង តើសមនឹងកម្លាំងគេទេ? អាចឲ្យគេរស់នៅដោយសមរម្យបានទេ? ចុះរដ្ឋទាំងនោះ ទុកប្រជាពលរដ្ឋចោលមែនទេ ខ្ញុំដូចជាឆ្ងល់រដ្ឋដល់ហើយ!

អនន្តសំលឹងមើលមុខសុដាឡើងក្រហមដូចកូនតុក្កតាតែបង្ហាញទឹកចិត្តចេញពីភាពពិតនិងស្មោះត្រង់ពីក្រអៅបេះដួងរបស់នាង។ ប៉ុន្តែក្នុងអារម្មណ៏របស់អនន្តបានត្រឹមតែដឹង តើគេអាចធ្វើអ្វីកើត។យុវជនដកដង្ហើមចេញមួយ រួចឈរក្បែរសុដាដោយអង់អាចលាយក្តីអាណិត។

ពេលនោះ លោកតំណាងសហជីពក៏ចេញមក។កម្មករ កម្មការនីទាំងអស់ដែលរងចាំស្តាប់មានការខកចិត្តត្រឡប់ទៅវិញ នាពេលពួកគេដឹងថាការចចារនេះត្រូវបរាជ័យ នឹងបានត្រឹមបានប្រាក់ប្រាំដុល្លាបន្ថែមទៀតប៉ុណ្ណោះ។

ចប់ហើយ! សុដាបន្លឺឡើង

ចប់អ្វី? ក្រែងគេតម្លើងឲ្យប្រាំដុល្លាហើយតើ

ប្រាំដុល្លា គ្រាន់ទេ! នេះពួកខ្ញុំនៅតែជាទាសករគេដដែលណ្នឹង ថែមទាំងអ៊ំស្រីអ្នកលក់បាយម្នាក់ស្លាប់ផង។

តើនេះយុត្តិធម៌ទេ? ហ៊ី!ខ្ញុំទៅផ្ទះជួលខ្ញុំវិញហើយ ចុះលោកទៅណាវិញ?

សុដា!…

ចាស!

ខ្ញុំអាចជូននាងទៅផ្ទះជួលអ្នកនាងបានទេ?

ហេតុអ្វី? លោកមិនប្រញាប់ទៅរកស៊ីវិញទេឬ? ពេលវេលាមានតម្លៃណាស់ណា!បើចង់អគុណខ្ញុំ នោះមិនបាច់ទេ ព្រោះ….

អនន្តចាប់ដៃសុដាបង្ហាញទឹកចិត្តក្តីអាណិតនិងស្រឡាញ់។ សុដាបានត្រឹមបើកភ្នែកធំៗគាំងបាត់ស្មារតី អារម្មណ៏វិលវល់មិនដឹងថា និយាយអ្វី ឬធ្វើអ្វីត្រូវឡើយ

ខ្ញុំពិតជាចង់មើលថែនាងអស់មួយជីវិតណាស់! តើបានទេ?

លោកឆាប់លែងដៃខ្ញុំទៅ!

នួននាងញញឹមដោយរីករាយ លាយមុខក្រហម

បាន!តែសុំពេលមើលចិត្តគ្នាសិន។ ម្យ៉ាងវិញទៀត ខ្ញុំជានារីខ្មែរគោរពប្រពៃណី

អនន្តឆ្លើយរួសរាន់

យល់! បងយល់!

សុដាញញឹម អនន្តហាក់មានភាពធូរស្បើយក្នុងចិត្តចំពោះសេចក្តីស្នេហាដូចកាំរន្ទះនេះឡើងវិញ ក្រោយពេលទប់ អារម្មណ៏មិនហាស្តីមិនបានរួចមក។

Advertisements
This entry was posted in Short stories. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s